មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួសុខទុក្ខវីរកងទ័ព រងរបួសត្រូវអំបែងគ្រាប់ និងផ្សែងពុលនៅពេលប្រយុទ្ធក្នុងសមរភូមិមុខ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ក្រុងឧដុង្គម៉ែជ័យ
(កំពង់ស្ពឺ)៖ ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បាននាំយកថវិការួមទាំងសម្ភារមួយចំនួនធំ និងគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខចំនួនពីរគ្រួសារ ដែលរងរបួសដោយសារផ្សែងពុល និងអំបែងគ្រាប់ពេលប្រយុទ្ធនៅសមរភូមិ ជាមួយចោរសៀមឈ្លានពានដែនអធិបតេយ្យកម្ពុជា ហើយពេលនេះកំពុងតែសម្រាកព្យាបាលជំងឺដោយការយកចិត្តទុកដាក់បំផុតនៅមន្ទីរពេទ្យបង្អែក ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ឆ្លៀតក្នុងឱកាសនេះ លោកឧត្តម សេនីយ៍ ត្រី ម៉េង ស្រ៊ុន បានសំណេះសំណាល និងជូនពរជ័យឱ្យឆាប់បានជាសះស្បើយ ក្រៅពីនេះក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខនិងការព្រួយបារម្មណ៏បំផុតពីនាយឧត្តមសេនីយ៍ សៅ សុខា និងបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ចំពោះវីរកងទ័ព និង កោតសរសើរបំផុតក្នុងការបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ និងដើម្បី បុព្វហេតុ ថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា ប្រចាំការទិសតាថាវ ខេត្តព្រះវិហារ និងប្រចាំទិសថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តមមានជ័យ នៅ សមរភូមិមុខថែមទៀតផង។
សកម្មភាពក្នុងការចុះសួរសុខទុក្ខនាពេលនេះ គឺជាការរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុស្នេហាជាតិ និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយ នៃខឿនការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញឱ្យឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង៕
