អតីតសមាជិកសភាឥណ្ឌាម្នាក់បានថ្កោលទោសកងទ័ពថៃ ចំពោះការវាយកម្ទេចរូបសំណាកព្រហ្មញ្ញសាសនាដ៏ធំមួយ ដែលកម្ពុជាជាអ្នកសាងសង់នៅក្បែរព្រំដែន

អតីតសមាជិកសភាឥណ្ឌាម្នាក់បានថ្កោលទោសកងទ័ពថៃ ចំពោះការវាយកម្ទេចរូបសំណាកព្រហ្មញ្ញសាសនាដ៏ធំមួយ ដែលកម្ពុជាជាអ្នកសាងសង់នៅក្បែរព្រំដែន។ នេះបើយោងតាមសារព័ត៌មាន Disha Daily។

លោក Vijayasai Reddy អតីតសមាជិកសភា បានហៅការបំផ្លិចបំផ្លាញនេះថាជា «រឿងដែលមិនអាចទទួលយកបាន» នៅក្នុងការបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារទី២៣ខែធ្នូឆ្នាំ២០២៥ ដោយបានព្រមានថា ការវាយប្រហារលើកេរ្តិ៍តំណែលសាសនា ក្រោមលេសនៃជម្លោះទឹកដី «គ្រាន់តែបង្ហាញឲ្យឃើញពីការខ្វះការអត់ឱនប៉ុណ្ណោះ»។

លោក Reddy បានសរសេរថា «ទោះបីជាត្រូវបានដាក់ដោយកម្ពុជា ឬមិនមែនក៏ដោយ ការវាយប្រហារលើជំនឿ និងកេរ្តិ៍តំណែល មិនអាចយកមកធ្វើជាលេសបានឡើយ»។ លោកបានគូសបញ្ជាក់ថា ទាំងថៃ និងកម្ពុជា សុទ្ធតែជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាភាគច្រើន ប៉ុន្តែ«ប្រវត្តិសាស្ត្របានកត់ត្រាទុកនូវការធ្វើទុក្ខបុកម្នេញដដែលៗលើប្រាសាទព្រហ្មញ្ញសាសនា និងការប៉ុនប៉ងលុបបំបាត់ចោល»។

លោកបានបន្ថែមថា «គ្មានសាសនាណាដែលបង្ហាញពីសន្តិភាពរបស់ខ្លួន តាមរយៈការបំផ្លាញជំនឿសាសនារបស់អ្នកដទៃនោះទេ» ហើយលោកក៏បាន Tag ឈ្មោះនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅក្នុងការបង្ហោះនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង