ថៃ បំពានលក្ខខណ្ឌប្រើប្រាស់យន្តហោះ T-50TH ដែលមានចែងក្នុងកិច្ចព្រមព្រៀង ជាមួយកូរ៉េខាងត្បូង
តាមការបញ្ជាក់ពីក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា កាលពីថ្ងៃពុធទី២៤ខែធ្នូឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ខេត្តបាត់ដំបង។
មិនត្រឹមប៉ុណ្ណឹង យោធាថៃក៏ប្រើប្រាស់យន្តហោះនេះ ទម្លាក់គ្រាប់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាបផងដែរ ដែលនេះជាការឈ្លានពានកម្ពុជា យ៉ាងច្បាស់ក្រឡែត មិនអាចប្រកែកបាន។
ជាការពិត ការដែលថៃ ប្រើយន្តហោះផលិតនៅកូរ៉េខាងត្បូងប្រភេទនេះមកឈ្លានពានកម្ពុជា គឺជាការបំពានលក្ខខណ្ឌ ដែលមានចែងក្នុងកិច្ចព្រមព្រៀងទិញ-លក់ រវាងថៃនិងកូរ៉េខាងត្បូង។
🚨តើលក្ខខណ្ឌទាំងនោះមានអ្វីខ្លះ?
ទោះផលិតដោយកូរ៉េខាងត្បូង តែយន្តហោះ T-50TH នេះ ក៏មានប្រើប្រាស់បច្ចេកវិទ្យាស្នូលរបស់សហរដ្ឋអាមេរិកដែរ ដូចជាម៉ាស៊ីន GE F404 និងប្រព័ន្ធរ៉ាដា។
ដូច្នេះ ការទិញយន្តហោះ T-50TH ពីកូរ៉េខាងត្បូងរបស់កងទ័ពអាកាសថៃ មិនមែនជាកិច្ចសន្យាទិញ-លក់ធម្មតាឡើយ ប៉ុន្តែវាជាកិច្ចព្រមព្រៀងកម្រិតរដ្ឋាភិបាល ដែលមានចងភ្ជាប់នូវលក្ខខណ្ឌសំខាន់ៗ។
បើនិយាយត្រឹមលក្ខខណ្ឌនៃការប្រើប្រាស់ កិច្ចព្រមព្រៀងនោះបានចងថា៖ ប្រសិនបើថៃយកយន្តហោះនេះទៅប្រើប្រាស់ក្នុងសកម្មភាពដែលរំលោភលើច្បាប់អន្តរជាតិធ្ងន់ធ្ងរ កូរ៉េខាងត្បូង និងអាមេរិកមានសិទ្ធិកាត់ផ្ដាច់ ការផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលធ្វើឲ្យយន្តហោះមិនអាចហោះហើរបាន។
ដ្បិតផលិតដោយក្រុមហ៊ុន KAI របស់កូរ៉េខាងត្បូង ប៉ុន្តែគ្រឿងបន្លាស់ស្នូលជាង ៥០% ទៅ ៦០% គឺជាបច្ចេកវិទ្យារបស់អាមេរិក។ ដូច្នេះ ក្នុងករណីថៃ យក T-50 វាយប្រហារទៅលើប្រទេសជិតខាងដោយគ្មានមូលហេតុច្បាស់លាស់ ឬមិនមែនជាការការពារខ្លួនតាមច្បាប់អង្គការសហប្រជាជាតិទេនោះ កូរ៉េខាងត្បូងនិងអាមេរិក មានសិទ្ធិអនុវត្តវិធានការកាត់ផ្ដាច់។
ការប្រើប្រាស់យន្តហោះដើម្បីទម្លាក់គ្រាប់បែកលើជនស៊ីវិល មន្ទីរពេទ្យ ឬតំបន់បេតិកភណ្ឌវប្បធម៌ ដូចជាប្រាសាទបុរាណ សុទ្ធតែជាការបំពានលក្ខខណ្ឌ។
🚨របៀបនៃការ «កាត់ផ្ដាច់»
ការកាត់ផ្ដាច់នោះមិនមែនជាការចុចប៊ូតុងបិទយន្តហោះពីចម្ងាយទេ! ជារឿងចាំបាច់ណាស់ ដែលយន្តហោះនេះត្រូវតែផ្លាស់ប្តូរគ្រឿងបន្លាស់ជាប្រចាំបន្ទាប់ពីហោះហើរបានប៉ុន្មានម៉ោង។ បើគ្មានគ្រឿងបន្លាស់ពីកូរ៉េខាងត្បូងឬអាមេរិកទេ យន្តហោះនឹងត្រូវចតចោលហើយ។
ម្យ៉ាង បើកូរ៉េខាងត្បូងឬអាមេរិក បិទប្រព័ន្ធ Software មិនព្រមឲ្យ Update និងបើកសោរសុវត្ថិភាពនោះ យន្តហោះអាចហោះបានតែល្អមើលប៉ុណ្ណោះ តែមិនអាចប្រើអាវុធទំនើបឬរ៉ាដាបានឡើយ។
លើសពីនេះ ក្រុមហ៊ុន KAI តែងតែមានអ្នកជំនាញប្រចាំការនៅថៃ។ បើមានបញ្ហា គេនឹងដកអ្នកជំនាញទាំងនោះចេញភ្លាមៗ៕
ប្រភព៖ Flight Global