ដូណាល់ ត្រាំ ប្រកាសថា អាមេរិកត្រូវតែជាម្ចាស់កោះ Greenland ដើម្បីការពារកុំឲ្យរុស្ស៊ីនិងចិនយកទៅបាត់

បញ្ហាកោះ Greenland នៅតែជាប្រធានបទដ៏ក្តៅបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បើកប្រតិបត្តិការនៅវ៉េណេស៊ុយអេឡា ចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា។ ពេលនេះ ប្រមុខសេតវិមាន បានបញ្ជាក់យ៉ាងច្បាស់ថា៖ «អាមេរិកត្រូវតែធ្វើជាម្ចាស់លើកោះ Greenland ដើម្បីការពារកុំឲ្យរុស្ស៊ីនិងចិនយកទៅបាត់។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុង វ៉ាស៊ីនតោន កាលពីថ្ងៃសុក្រទី៩ខែមករាឆ្នាំ២០២៦ និងត្រូវបានយកមកផ្សាយដោយ BBC, មេដឹកនាំអាមេរិកនិយាយថា៖ «ប្រទេសនានា ចាំបាច់ត្រូវតែមានកម្មសិទ្ធិ ហើយយើងការពារអ្វីដែលជាកម្មសិទ្ធិរបស់យើង យើងមិនការពារអ្វីដែលជាការជួលនោះទេ ហើយយើ​ងត្រូវតែការពារកោះ Greenland។ យើងនឹងធ្វើវាទោះតាមវិធីណាក៏ដោយ មិនថាស្រួលឬលំបាក»។

លោកបន្តថា៖ «ប្រទេសទាំងឡាយមិនអាចធ្វើកិច្ចព្រមព្រៀងរយៈពេល៩ឆ្នាំ ឬសូម្បីតែកិច្ចព្រមព្រៀង១០០ឆ្នាំនោះទេ។ អាមេរិក ចាំបាច់ត្រូវតែមានកម្មសិទ្ធិដាច់តែម្ដង។ ខ្ញុំស្រឡាញ់ប្រជាជនចិន ហើយខ្ញុំក៏ស្រឡាញ់ប្រជាជនរុស្ស៊ីដែរ ប៉ុន្តែខ្ញុំមិនចង់បានពួកគេមកធ្វើជាអ្នកជិតខាងនៅកោះ Greenland ទេ។ វានឹងមិនអាចកើតឡើងបានឡើយ ហើយម្យ៉ាងវិញទៀត អង្គការណាតូ ក៏គួរតែយល់ពីបញ្ហានេះដែរ។

រឿងនេះកើតឡើងបន្ទាប់ពីអ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បង្ហើបថា លោកប្រធានាធិបតីត្រាំ កំពុងពិភាក្សាជាមួយក្រុមមន្ត្រីរបស់គាត់ អំពីលទ្ធភាពទិញយកកោះ Greenland ពីដាណឺម៉ាក ហើយបើវិធីនេះមិនជោគជ័យទេនោះ សហរដ្ឋអាមេរិក អាចនឹងប្រើជម្រើសយោធាហើយ។

យ៉ាងណា ឆ្លើយតបទៅសំណួរអ្នកកាសែតពាក់ព័ន្ធការគំរាមពីមុនរបស់រដ្ឋបាលត្រាំ អំពីលទ្ធភាពប្រើជម្រើសយោធាដើម្បីដណ្តើមយកដែនដីរបស់ប្រទេសដាណឺម៉ាកមួយនេះ, លោកស្រី Leavitt បញ្ជាក់ថា ជម្រើសដំបូងគឺជាជម្រើសការទូតសិន។

បើតាមការអះអាងម្តងហើយម្តងទៀតពីលោកត្រាំ, កោះ Greenland នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សន្តិសុខអាមេរិក។ បច្ចុប្បន្ន សហរដ្ឋអាមេរិកមានយោធាជាង១០០នាក់ កំពុងឈរជើងជាអចិន្ត្រៃយ៍នៅឯមូលដ្ឋាន Pituffik ស្ថិតនៅចុងប៉ែកពាយព្យនៃកោះនេះ Greenland ដែលជាមូលដ្ឋាន ត្រូវសហរដ្ឋអាមេរិកគ្រប់គ្រង តាំងពីសម័យសង្គ្រាមលោកលើកទី២ មកម៉្លេះ។

ក្រោមកិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយប្រទេសដាណាម៉ាក សហរដ្ឋអាមេរិកមានអំណាចក្នុងការបញ្ជូនកងទ័ពទៅកាន់កោះ Greenland ក្នុងចំនួនច្រើនតាមតែខ្លួនចង់បាន៕

អត្ថបទដែលជាប់ទាក់ទង