កម្លាំងជំនាញ CMAC បោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃ ដែលបាញ់ចូល និងបំផ្លាញផ្ទះប្រជាពលរដ្ឋ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
(ព្រះវិហារ)៖ ផ្ទះមួយខ្នងរបស់ប្រជាពលរដ្ឋនៅស្រុកជាំក្សាន្ត មានសុវត្ថិភាពឡើងវិញ បន្ទាប់ពីកម្លាំងជំនាញរបស់ CMAC ចុះបោសសម្អាតគ្រាប់បែកចង្កោម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦កន្លងទៅនេះ។
លោក ហេង រតនា អគ្គនាយក CMAC បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងជំនាញអង្គភាព CMAC បានប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោមប្រភេទ M85នៃគ្រាប់កាំភ្លើងធំ ១៥៥មម ដែលបាញ់ដោយភាគីសៀម ក្នុងសង្គ្រាមឈ្លានពាន ២១ថ្ងៃ ហើយគ្រាប់បែកចង្កោមនេះ ស្ថិតនៅក្នុងផ្ទះប្រជាពលរដ្ឋតែម្តង និងបានបំផ្លាញផ្ទះប្រជាពលរដ្ឋស្ទើរទាំងស្រុង។
លោកថា លំនៅដ្ឋាននេះស្ថិតនៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អង្គភាព CMAC បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលវិលត្រឡប់ទៅកាន់លំនៅឋានវិញ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រាប់សំណល់សង្គ្រាមរបស់កងទ័ពថៃ ពិសេសគ្រាប់បែកចង្កោម។
សូមបញ្ជាក់ថា ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោម បានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ៕
