រុស្ស៊ីរៀបគម្រោង​វាយប្រហារបណ្តាញរោងចក្រនុយក្លេអ៊ែរធំបំផុត​នៅ​អឺរ៉ុប

ភ្នាក់ងារចារកម្ម និងប្រភពរដ្ឋាភិបាលអ៊ុយក្រែន បានព្រមានអំពីការវាយប្រហាររបស់រុស្ស៊ីដែលជិតកើតមាន លើ​គោលដៅ​​បណ្តាញខ្សែបញ្ជូនអគ្គិសនីភ្ជាប់ទៅកាន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia (ZNPP) ដែលជារោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប។

យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២៦​ដោយ Fox News ការវាយប្រហារនេះត្រូវបានគេរំពឹងថានឹងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ជាជាងការវាយប្រហារដោយផ្ទាល់លើឡនុយក្លេអ៊ែរ ដែលជាយុទ្ធសាស្ត្រកាត់ផ្តាច់រោងចក្រពីបណ្តាញអគ្គិសនីជាតិរបស់អ៊ុយក្រែន ដើម្បីបង្ខំ​ឲ្យ​មានការយល់ព្រមលើលក្ខខណ្ឌនយោបាយ។

ភ្នាក់ងារ​ចារកម្ម​​អ៊ុយក្រែន (HUR) បាន​បញ្ជាក់​ថា រុស្ស៊ីកំពុងពិចារណាវាយប្រហារលើស្ថានីយអគ្គិសនីយុទ្ធសាស្ត្រ ដើម្បីបង្ខំ​ឲ្យ​អ៊ុយក្រែនទទួល​យក «លក្ខខណ្ឌចុះចាញ់»។ ទោះ​បីជាឡនុយក្លេអ៊ែរទាំង​៦​ត្រូវបានបិទជាបណ្តោះអាសន្ន និងមិនបានផលិតថាមពលក៏ដោយ ក៏រោងចក្រនេះនៅតែត្រូវការការផ្គត់ផ្គង់អគ្គិសនីពីខាងក្រៅជាប្រចាំ ដើម្បីដំណើរការប្រព័ន្ធត្រជាក់ និងប្រព័ន្ធសុវត្ថិភាពសំខាន់ៗ។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានព្រមានម្តងហើយម្តងទៀតថា ការរំខានណាមួយដល់ការផ្គត់ផ្គង់ថាមពលពីខាងក្រៅ នឹងបង្ក​ឲ្យ​មានហានិភ័យធ្ងន់ធ្ងរនៃគ្រោះថ្នាក់នុយក្លេអ៊ែរ។

ការគំរាមកំហែងនេះ​ កើតឡើងចំពេលដែលមានបទឈប់បាញ់ក្នុងតំបន់មួយដែលសម្របសម្រួលដោយ IAEA កាលពីថ្ងៃទី១៦​ខែមករា ដើម្បីអនុញ្ញាត​ឲ្យ​អ្នក​បច្ចេកទេស​អ៊ុយក្រែនជួសជុលខ្សែបញ្ជូនអគ្គិសនីបម្រុងដែលបានខូចខាត។

ទន្ទឹមនឹងនេះ របាយការណ៍បានបង្ហាញថា ទីក្រុងមូស្គូបានចេញការព្រមានថា ខ្លួននឹងវាយប្រហារលើមជ្ឈមណ្ឌលថាមពលក្នុងទីក្រុងកៀវ ប្រសិនបើអ៊ុយក្រែននៅតែបន្តវាយប្រហារលើរោងចក្រចម្រាញ់ប្រេង និងនាវាដឹកប្រេងរបស់រុស្ស៊ី។ ជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះដល់-២០អង្សាសេ ស្ថានភាពមនុស្សធម៌នៅតែបន្តអាក្រក់ទៅៗ ដែលធ្វើ​ឲ្យ​ប្រជាជនអ៊ុយក្រែនរាប់លាននាក់រស់នៅ​ខ្វះកម្តៅ ទឹកស្អាត និងអគ្គិសនីប្រើប្រាស់​ក្នុង​រដូវ​រងារ៕

អត្ថបទដែលជាប់ទាក់ទង