លោក ឃួង ស្រេង៖ ការរក្សាបានសន្តិសុខ សុវត្ថិភាពល្អទទួលបានការ​ជឿទុកចិត្តពីអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើន

ការរក្សាសន្តិសុខ សុវត្ថិភាពបានល្អនៅកម្ពុជាពិតជាទទួលបានការជឿទុកចិត្ត ទាក់ទាញអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង ដូច្នេះយើងត្រូវរួមគ្នារក្សាសន្តិភាពនេះឱ្យបានគង់វង់ ទោះក្នុងតម្លៃណាក៏ដោយ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ខណៈលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលទំនិញ យោភីង (YOUPIN MALL) ស្ថិតនៅលើផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសនស៍លើកឡើងថា ក្នុងរយៈពេល២៨ឆ្នាំចុងក្រោយនេះ ខណៈប្រទេសកម្ពុជាមានសន្តិភាពពេញលេញ បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ដោយបានធ្វើឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ ជាមួយការពង្រីកពាណិជ្ជកម្មកាន់តែធំឡើង។ ការពង្រឹង ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធជាតិ គឺដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកាន់តែរីកចំរើនបន្ថែមទៀតទៅថ្ងៃអនាគត់ គឺក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។

លោក ឃួង ស្រេង បានបន្តថា ការរក្សាសន្តិសុខ សុវត្ថិភាពបានល្អនៅកម្ពុជាពិតជាទទួលបានការជឿទុកចិត្ត ទាក់ទាញអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង។ ដូច្នេះយើងត្រូវរួមគ្នារក្សាសន្តិភាពនេះឱ្យបានគង់វង់ ទោះក្នុងតម្លៃណាក៏ដោយ។ ជាក់ស្តែងនៅពេលនេះ អ្នកវិនិយោគបានបង្កើតឱ្យមានមជ្ឈមណ្ឌលទំនិញ យោភីង (YOUPIN MALL) ដែលនាំឱ្យមានកំណើនសេដ្ឋកិច្ច ជាមួយការទាក់ទាញភ្ញៀវជាតិ អន្តរជាតិឱ្យមកលេងនៅរាជធានីភ្នំពេញកាន់តែច្រើនឡើង។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរូចជាស្រេច ទទួលអ្នកវិនិយោគ ដើម្បីកំណើនសេដ្ឋកិច្ចខ្ពស់។

ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏នូវបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ បរិស្ថានល្អ ដើម្បីជាការទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅរាជធានីភ្នំពេញ កាន់តែច្រើនបន្ថែមទៀត។

អ្នកឧកញ្ញា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានលើកឡើងផងដែរថា ការបង្កើតឱ្យមានផ្សារទំនើបនេះ វានឹងធ្វើឱ្យមានការកើនឡើងនូវភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ហើយក៏បានបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់អ្នកវិនិយោគ មកលើថ្នាក់ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង