បុគ្គលិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ម្នាក់ ត្រូវ​រថយន្ត​ធុន​ធ្ងន់​កិន​ស្លាប់​លើ​ផ្លូវ​៦០​ម៉ែត្រ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន WOW NOW បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​លើ​ផ្លូវ​៦០​ម៉ែត្រ ចំណុច​មុខ​ផ្សារ​ទំនើប​អ៊ី​អន​៣ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៦ តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឈ្មោះ អុម ថុ​ន​សិ​ដ្ឋ អាយុ ២៥​ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​ដឹក​ជញ្ជូន (Delivery) ឱ្យ​ក្រុមហ៊ុន WOW NOW ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ​។ លុះ​មក​ដល់​ចំណុច​គ្រោះថ្នាក់ ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​ទាក់​ដៃ​ច​ង្កូ​ង​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត (​មិន​ស្គាល់​ម៉ាក និង​ស្លាក​លេខ​) បណ្តាល​ឱ្យ​ដួល​ទៅ​លើ​ទ្រូងផ្លូវ​។ ស្រប​ពេល​នោះ​មាន​រថយន្ត​បែន​ដឹក​ដី មួយ​គ្រឿង បើកបរ​ស្រប​ទិស​គ្នា​មក​ពី​ខាងក្រោយ បាន​កិន​ចំ​ក្បាល​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ចរាចរណ៍​ខណ្ឌមានជ័យ និង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​អន្តរាគមន៍​ពិនិត្យ និង​វាស់វែង​ទីតាំង​កើតហេតុ ព្រមទាំង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង