ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអភិបាលរដ្ឋ Minnesota បានបន្ទន់ឥរិយាបថដាក់គ្នាទៅវិញទៅមកបន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទ
(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអភិបាលរដ្ឋ Minnesota មកពីខាងគណបក្សប្រជាធិបតេយ្យ លោក Tim Walz បានបន្ទន់ឥរិយាបថដាក់គ្នាទៅវិញទៅមកកាលពីថ្ងៃចន្ទ ទី២៦ ខែមករា បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទជាលក្ខណៈឯកជនមួយ ស្របពេលមានការរំពឹងថាភាគីទាំងសងខាងកំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងពាក់ព័ន្ធនឹងយុទ្ធនាការបណ្ដេញជនអន្តោប្រវេសន៍របស់លោក ត្រាំ ដែលបានផ្ដាច់ជីវិតពលរដ្ឋអាមេរិក២នាក់ ក្នុងទីក្រុង Minneapolis។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជាសញ្ញាធូរស្រាលមួយផ្សេងទៀត មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក ត្រាំ បានទទួលស្គាល់សេចក្ដីរាយការណ៍មួយដែលថាមេបញ្ជាការល្បាតព្រំដែនរបស់សហរដ្ឋអាមេរិក លោក Gregory Bovino ដែលបាន និងកំពុងរងការរិះគន់យ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យ និងក្រុមអង្គការសិទ្ធិមនុស្ស នឹងត្រូវចាកចេញពីរដ្ឋ Minnesota រួមជាមួយមន្ត្រីល្បាតព្រំដែនមួយចំនួនដែលត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋមួយនេះ។
ព្រមពេលជាមួយគ្នា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាប្រធានកិច្ចការព្រំដែនរបស់លោក ត្រាំ លោក Tom Homan នឹងត្រូវទទួលបន្ទុកតាមឃ្លាំមើលការធ្វើប្រតិបត្តិការនៅក្នុងរដ្ឋ Minnesota បន្ទាប់ពីលោក ត្រាំបានបង្ហើបឱ្យដឹងថាលោក Homan នឹងត្រូវបានបញ្ជូនទៅកាន់រដ្ឋមួយនេះ។ ដោយឡែក កាលពីថ្ងៃចន្ទ ប្រភពជាច្រើនបានឱ្យដឹងថាលោក Bovino ត្រូវបានដកចេញពីតំណែង ជាមេបញ្ជាការល្បាតព្រំដែន ហើយនឹងត្រូវបញ្ជូនឱ្យទៅកាន់តំណែងដើមវិញក្នុងនាមជាប្រធានទីភ្នាក់ងារល្បាតព្រំដែននៅតាមបណ្ដោយព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក។ មិនតែប៉ុណ្ណោះ លោក Bovino ក៏ត្រូវបានរាយការណ៍ដែរថានឹងចូលនិវត្តន៍ក្នុងពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា បើតាមការិយាល័យរបស់លោក Tim Walz លោកអភិបាលរដ្ឋ Minnesota និងលោក ត្រាំ បានពិភាក្សាគ្នាតាមទូរស័ព្ទប្រកបដោយផ្លែផ្កា ហើយលោក ត្រាំបាននិយាយថារូបលោកនឹងពិចារណា កាត់បន្ថយចំនួនប៉ូលិសអន្តោប្រវេសន៍ ICE នៅក្នុងរដ្ឋ Minnesota ព្រមទាំងឯកភាពទៀតផងថានឹងបញ្ជាឱ្យក្រសួងសន្តិសុខមាតុភូមិធានាឱ្យបានថារដ្ឋ Minnesota អាចនឹងដឹកនាំការស៊ើបអង្កេតដោយខ្លួនឯង លើករណីបាញ់សម្លាប់គិលានុបដ្ឋាកម្នាក់ឈ្មោះ Alex Pretti ដោយប៉ូលិសអន្តោប្រវេសន៍ តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះក្រោយការបាញ់សម្លាប់ស្រ្តីម្នាក់ឈ្មោះ Renee Good ដែលមានកូន៣នាក់ក្នុងបន្ទុក៕
