អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ​ស្រេង​ បាន​ណែ​នាំ​ដល់​សាធារណជន​ក្នុង​រាជធានី​ភ្នំពេញ​ ហាម​ដាច់​ខាត​មិន​ឱ្យ​មាន​ការ​ដុត​ផាវ កាំជ្រួច ឬ​បង្កសំឡេង​ផ្ទុះ​គ្រប់​ប្រភេទ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន

អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ​ស្រេង​ បាន​ណែ​នាំ​ដល់​សាធារណជន​ក្នុង​រាជធានី​ភ្នំពេញ​ ហាម​ដាច់​ខាត​មិន​ឱ្យ​មាន​ការ​ដុត​ផាវ កាំ​ជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​ ខណៈបាន​បញ្ជា​ដល់​អាជ្ញាធរ​ចំណុះ​រដ្ឋបាល​រាជធានី​ទាំង​អស់​ចាត់​វិធាន​ការ​​កុំ​ឱ្យ​មាន​ការ​នាំ​ចូល​ផាវ កាំជ្រួច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ចូល​រាជធានី​ភ្នំពេញ​ផងដែរ​។

ក្នុង​សេចក្ដី​ណែ​នាំ​ចុះ​ហត្ថលេខា​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​នេះ​ លោក ឃួង ស្រេង បាន​បញ្ជាក់​ថា​ ជន​ណា​ដែល​បំពាន​ ឬ​ប្រព្រឹត្តិ​ល្មើស​មិន​គោរព​តាម​ការ​ណែ​នាំ​ បង្ក​ឱ្យ​មាន​ចលាចល​ក្នុង​សង្គម​ ប៉ះពាល់​ដល់​សន្ដិសុខ​ សុវត្ថិភាព សណ្ឋាប់​ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ត្រូវ​ទទួល​ទោស​ទណ្ឌ​តាម​ច្បាប់​ជា​ធរមាន។

​​ក្រៅ​ពី​ការ​ហាម​ប្រាម​ការ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​ អាជ្ញា​ធរ​ក៏​ហាម​ប្រាម​ការ​លេង​ល្បែង​ស៊ីសង និង​ការ​ហែល​ក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា ឬ​ប្រពៃណី​ដែល​គ្មាន​ការ​អនុញ្ញាត​ផងដែរ​។

សម្រាប់​ការ​ដុត​ក្រដាស​សែន​វិញ​ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំ​ដី និង​ហាម​ដាច់​ខាត​ដុល​លើ​ចិញ្ចើម​ផ្លូវ ឬ​ទ្រូវ​ផ្លូវ​សាធារណៈ។

លោក​អភិបាល​ក៏​ណែ​នាំ​ឱ្យ​មន្ទី​ធម្មការ​ និង​សាសនា​ភ្នំពេញ​អញ្ជើញ​បណ្ដា​សមាគម​ចិន និង​វៀតណាម ដើម្បី​ផ្សព្វផ្សាយ​ខ្លឹម​សាង​ខាង​លើ​ឱ្យ​បាន​ទួលំ​ទូលាយ​ផងដែរ​។

គួរ​ឱ្យ​ដឹង​ផងដែរ​ថា​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៦​ សប្ដាហ៍​ក្រោយ​៕

អត្ថបទដែលជាប់ទាក់ទង