អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្ដឹងឧទ្ធរណ៍ប្រឆាំងសាលក្រមកាត់ទោសរូបលោកដាក់ពន្ធនាគារអស់មួយជីវិត

(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមកាត់ទោសរូបលោកដាក់ពន្ធនាគារអស់មួយជីវិត ពីបទបះបោរ ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកកាលពីឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

តុលាការមួយក្នុងទីក្រុងសេអ៊ូល កាលពីសប្ដាហ៍មុនបានរកឃើញថាលោក Yoon មានពិរុទ្ធភាពពាក់ព័ន្ធនឹងការដឹកនាំសកម្មភាពបះបោរមួយដែលធ្វើឡើងដើម្បីធ្វើឱ្យសភាជាតិគាំងដំណើរការ ជាមួយការផ្ដន្ទាទោសរូបលោកដាក់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារ ក្រុមមេធាវីរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានឱ្យដឹងថាលោក Yoon បានសម្រេចចិត្តប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមកាត់ទោសរូបលោក។

លោក Yoon កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានបង្កភាពភ្ញាក់ផ្អើលមួយតាមរយៈការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក ក្រោមហេតុផលដែលលោកអះអាងថាដើម្បីប្រឆាំងនឹងការគំរាមកំហែង ពីឥទ្ធិពលកូរ៉េខាងជើង និងកងកម្លាំងប្រឆាំងនឹងរដ្ឋដែលលោកចង់សំដៅលើក្រុមគណបក្សប្រឆាំង។

ប៉ុន្តែការប្រកាសប្រើច្បាប់អាជ្ញាសឹកនេះមានរយៈពេលត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមសមាជិកសភាកូរ៉េខាងត្បូងសម្រុកចូលទៅក្នុងអគារសភា ដើម្បីធ្វើការបោះឆ្នោតបន្ទាន់មួយលុបចោល ការប្រកាសប្រើច្បាប់អាជ្ញាសឹក។ លោក Yoon ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងទម្លាក់ចេញពីតំណែងកាលពីខែមេសា ឆ្នាំ២០២៥ ហើយប្រជាជនកូរ៉េខាងត្បូងបានបោះឆ្នោតគាំទ្រឱ្យ លោក Lee Jae Myung ក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងការបោះឆ្នោតមុនអាណត្តិមួយកាលពីខែមិថុនា ឆ្នាំដដែលនោះ៕

អត្ថបទដែលជាប់ទាក់ទង