អ៉ីស្រាអែល ចាប់ផ្ដើមវាយប្រហារលើក្រុមហេសបូឡា នៅទូទាំងលីបង់

(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល នៅថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថាខ្លួនបានចាប់ផ្ដើមបើកការវាយប្រហារលើក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ នៅទូទាំងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ស្នូរផ្ទុះជាច្រើនបានកើតឡើងនៅឯជាយភាគខាងត្បូងនៃរដ្ឋធានីបេរូត ប្រទេសលីបង់ ដែលជាមូលដ្ឋានដ៏រឹងមាំមួយរបស់ក្រុមហេសបូឡា។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ ការវាយប្រហាររបស់អ៉ីស្រាអែលបានកើតឡើង បន្ទាប់ពីក្រុមហេសបូឡាបានអះអាងថាខ្លួនបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុក្កែត និងដ្រូនលើអ៉ីស្រាអែលជាការសងសឹក ទៅនឹងការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei។

ប្រព័ន្ធផ្សព្វផ្សាយលីបង់ National News Agency បានរាយការណ៍ដូច្នេះថា «ជាយទីក្រុងបេរូតត្រូវបានកំណត់គោលដៅដោយការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ របស់អ៉ីស្រាអែល»។ អ្នកសារព័ត៌មាន AFP វិញ ក៏បានរាយការណ៍ពីស្នូរផ្ទុះខ្លាំងជាច្រើនទីតាំងផងដែរក្នុងទីក្រុងបេរូត។ តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ នៅឡើយទេ៕

 

អត្ថបទដែលជាប់ទាក់ទង