សម្តេចតេជោ ហ៊ុន សែន ប្រាប់អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីថា បញ្ហាព្រំដែនកម្ពុជា-ថៃ មិនប៉ះពាល់ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនោះឡើយ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងប្រាប់អគ្គលេខាធិការអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង ហៅកាត់ថាហ្វ្រង់កូហ្វូនី ថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន មិនប៉ះពាល់ដល់ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ចុងឆ្នាំ២០២៦នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅកាន់បណ្តាមេដឹកនាំប្រទេសជាសមាជិកនៃអង្គការអន្តរជាតិមួយនេះ កុំឱ្យមានការព្រួមបារម្ភ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងបែបនេះ នៅក្នុងជំនួបជាមួយលោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង នៅព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាថ្មីរបស់លោកស្រីអគ្គលេខាធិការមកកាន់កម្ពុជា។ សម្តេចតេជោ ចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រីជាផ្នែកដ៏សំខាន់ក្នុងការរួមចំណែកលើកទឹកចិត្ត និងគាំទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រងក់កូហ្វូនីលើកទី២០ ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៦។
លោកស្រីអគ្គលេខាធិការ បានសម្តែងការអរគុណជាអនេកចំពោះការបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្តេចតេជោ ដោយបានអនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូបានជួបសម្តែងការគួរសម។
លោកស្រីអគ្គលេខាធិការ បានគូសរំលេចពីចំណាប់អារម្មណ៍របស់លោកស្រី ពេលអញ្ជើញដល់ប្រទេសកម្ពុជា ដោយបានឃើញពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសអាកាសយានដ្ឋានអន្តរជាតិតេជោ។ លោកស្រី បានកោតសរសើរចំពោះការសាងសង់អាកាសយានដ្ឋានថ្មីរបស់កម្ពុជាមួយនេះ មានភាពស្រស់ស្អាត ហើយអាកាសយានដ្ឋាននេះរង់ចាំទទួលគណៈប្រតិភូថ្នាក់ដឹកនាំនៃបណ្តាប្រទេសអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។
លោកស្រីអគ្គលេខាធិការ បានចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោកស្រីអគ្គលេខាធិការ បានសរសើរអំពីភាពជាអ្នកដឹកនាំរបស់សម្តេចតេជោតាំងពីអតីតកាល ក៏ដូចជាដំណើរស្វែងរកសន្តិភាពសម្រាប់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចពេលនៅជានាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រទេសមានសន្តិភាពរហូតដល់បច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានសម្តែងការពេញចិត្តនូវអ្វីដែលលោកស្រីអគ្គលេខាធិការបានលើកឡើង។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាទន្ទឹងរង់ចាំស្វាគមន៍គណៈប្រតិភូនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី អញ្ជើញមកកាន់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរថា បើទោះបីពេលបច្ចុប្បន្នពិភពលោកស្ថិតនៅក្នុងស្ថានភាពដ៏ស្មុគស្មាញយ៉ាងណាក្តី តែសម្តេចរំពឹងថា កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅកម្ពុជានឹងទទួលបានជោគជ័យ ដើម្បីទុកជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់កម្ពុជាផង និងសម្រាប់អង្គការហ្វ្រង់កូហ្វូនីទាំងមូល ដែលកម្ពុជាធ្វើជាម្ចាសផ្ទះ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា លោកស្រីអគ្គលេខាធិការនឹងគាំទ្រយ៉ាងសកម្មដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។
នៅក្នុងឱកាសនៃជំនួបនេះលោកស្រីអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានសម្តែងនូវការប្តេជ្ញាចិត្តជួយគាំទ្រកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះ។ លោកស្រី បានបញ្ជាក់ថា ដំណើររបស់លោកស្រី និងគណៈប្រតិភូ អញ្ជើញមកកម្ពុជានាពេលនេះ ដើម្បីចូលរួមពិភាក្សាជាមួយកម្ពុជាលើការងាររៀបចំកិច្ចប្រជុំកំពូលនេះ។
សម្រាប់ក្នុងបរិបថពិភពលោកដ៏ស្មុគស្មាញនេះ លោកស្រីអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានទទួលស្គាល់នូវភាពស្មុគស្មាញរបស់ពិភពលោក ដែលតម្រូវឱ្យបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មានការគិតគូរចំពោះបញ្ហានេះផងដែរ។
ឆ្នាំ២០២៦នេះ កម្ពុជា នឹងធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំងលើកទី២០។ កិច្ចប្រជុំនេះ ដំបូងឡើយគ្រោងធ្វើនៅលើទឹកដីខេត្តសៀមរាប តែដើម្បីសម្រួលដល់ការស្នាក់នៅ និងការចូលរួមរបស់ប្រតិភូនៃបណ្តាប្រទេសនានានោះ កិច្ចប្រជុំត្រូវបានកែសម្រួលដោយធ្វើនៅរាជធានីភ្នំពេញវិញ៕
