សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូល​ធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ច​អាស៊ាន​កម្ពុជាឆ្នាំ២០២៦។

កិច្ចប្រជុំកំពូលនេះរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រយៈពេលពីរថ្ងៃក្រោម​ប្រធាន​បទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»។

ពិធីបើកកិច្ចប្រជុំកំពូលនាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, លោក ចូអ៊ី ខនសិបសិន ប្រធានក្រុមប្រឹក្សាពិគ្រោះ​យោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងមន្ត្រី​ជាន់ខ្ពស់​នៃរាជរដ្ឋាភិបាលកម្ពុជា អ្នកធ្វើ​ធុរ​កិច្ចជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ គឺជាវេទិកាដ៏មានសារសំខាន់ប្រចាំឆ្នាំ ដែល​នឹងជជែកពិភាក្សាពីការធ្វើធុរកិច្ចរវាងអាស៊ាន និងកម្ពុជា ដើម្បីឆ្លើយតបទៅ​នឹងបញ្ហា​ប្រឈម​នាពេលបច្ចុប្បន្ន និងការស្វែងរកនូវកាលានុវត្តភាពថ្មីៗបន្តទៀត។

បន្ទាប់ពីពិធីបើកជាផ្លូវការនាព្រឹកថ្ងៃនេះទៅ កិច្ចប្រជុំកំពូលនឹងបន្តជាមួយវេទិកា​នៃកិ​ច្ច​ពិភាក្សា និងចែករំលែកនូវព័ត៌មាននានាពីមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ក៏ដូចជាអ្នកធ្វើ​ធុរកិច្ច។

កិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច នឹងផ្តោតលើសក្តានុពលអាស៊ាន និង «យុទ្ធសាស្ត្រ​កម្ពុជា» ដោយលើកយកប្រធានបទសំខាន់ៗមួយចំនួនមកជជែកពិភាក្សា។ ប្រធានបទទាំងនោះរួមមាន៖
* ឧស្សាហកម្មបៃតង និងការធ្វើពិពិធកម្ម៖ «ការបង្កើនសក្តានុពលសម្រាប់របត់ថ្មី៖ ថាមពលស្អាតការគ្រប់គ្រងដីធ្លី និងការផលិតដែលមានតម្លៃខ្ពស់»។

* នវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា៖ «ការធ្វើសុខដុមនីយកម្មគយ ពន្ធដារ ឡូជីស្ទីក និងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដើម្បីកំណើនអាជីវកម្ម»

* សមាហរណកម្មតំបន់៖ «កំណើនហួសពីព្រំដែន៖ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងទេសចរណ៍»

* ការវិវត្តនៃកម្លាំងពលកម្ម៖ «ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពិភពលោកទំនើប»។

សូមបញ្ជាក់ថា បើទោះបីស្ថិតក្នុងបរិការណ៍ដ៏លំបាកនៃសង្គ្រាមឈ្លានពានរបស់​ប្រទេស​ថៃ និងរំខានដោយបញ្ហាដ៏ស្មុគស្មាញរបស់សកលលោកយ៉ាងណាក្តី តែកម្ពុជាបន្តរក្សា​បាន​នូវបរិយាកាសធុរកិច្ចមួយល្អប្រសើរនៅក្នុងឆ្នាំ២០២៥។

គេអាចមើលឃើញពីបរិយាកាសល្អប្រសើរនោះ តាមរយៈការរក្សាបាននូវកំណើនធ្វើ​ពា​ណិជ្ជកម្ពុជា និងការវិនិយោគរបស់កម្ពុជា។

ក្នុងឆ្នាំ២០២៥ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម​ជាង ៦៥.២៤ពាន់លាន​ដុល្លារ​អា​ម៉េ​រិក កើនឡើង ១៧.៦៦%​។ ពេញមួយឆ្នាំ២០២៥ កម្ពុជាបាននាំចេញ​ទំនិញ​សំខាន់ៗ​សម្រេច​​បានទឹកប្រាក់ចំនួន ៣១.២៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦.៩៥% និង​ការនាំ​ចូលសម្រេចបានទឹកប្រាក់ ៣៣.៩៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨.៣២%។

ទីផ្សារនាំចេញសំខាន់ៗរបស់ កម្ពុជា រួមមាន៖ អាស៊ាន, អូស្រ្តាលីលី, ចិន, ជប៉ុន, សាធារ​ណ​រដ្ឋកូរ៉េ, ណូវែលហ្សេឡង់, សហភាពអឺរ៉ុប, ចក្រភពអង់គ្លេស, សហរដ្ឋអាម៉េរិក, កា​ណា​​ដា, អេមីរាត់អារ៉ាប់រួម និងឥណ្ឌា។

ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន៖ ១) សម្លៀកបំពាក់ ២) វាយនភ័ណ្ឌ ៣)ស្បែក​ជើង ៤) សម្ភារៈធ្វើដំណើរនិង កាបូប ៥) សំបកកង់រថយន្ត ៦) ស្វាយចន្ទី ៧) អង្ករ ៨) ដំឡូង​មី និង៩) គ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត។

សម្រាប់ការវិនិយោគវិញ ពេញមួយឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៦៣០គម្រោង កើន៥​២​% ក្នុងទំហំទុនវិនិយោគសរុប១០ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។

គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៨៧ និង​គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន​ចំនួន​២៤៣។

ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលណៈកម្មាធិការវិនិយោគ​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោង វិនិយោគចំនួន ៤១៤ ក្នុងទំហំ​ទុន​វិនិយោគសរុបប្រមាណ ៦.៩ប៊ីលានដុល្លារអាម៉េរិក។

បន្ថែមពីលើគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីនៅ គ.វ.ក. នៃ ក.អ.ក. នៅក្នុងឆ្នាំ​២០២៥នេះ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត បានសម្រេចចុះបញ្ជី​គម្រោង​វិនិយោគ សរុបចំនួន ២២៨គម្រោង ដែលមានទុនវិនិយោគ​សរុបប្រមាណ ៧៦៣លាន​ដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ១០៦ពាន់កន្លែង៕

អត្ថបទដែលជាប់ទាក់ទង