សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទិន្នន័យនៃការវិនិយោគពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីការងាកទៅរកតំបន់របស់អាស៊ាន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ទិន្នន័យនៃការវិនិយោគពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការងាកទៅរកតំបន់របស់អាស៊ាន។ ស្របពេលដែលរំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលបានធ្លាក់ចុះក្នុងអត្រា ១១%, រំហូររវិនិយោគចូលទៅក្នុងតំបន់អាស៊ាន បានកើនឡើង ៨.៥% ទៅដល់ទំហំ ២២៦ពាន់លានដុល្លារអាម៉េរិក។

ការលើកឡើងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត បានធ្វើឡើងក្នុុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ច​អាស៊ាន​កម្ពុជា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ទិន្នន័យនៃការវិនិយោគពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការងាកទៅរកតំបន់របស់យើង។ ស្របពេលដែលរំហូរវិនិយោគផ្ទាល់ពីបរទេស ជាសកលបានធ្លាក់ចុះក្នុងអត្រា ១១% រំហូររវិនិយោគចូលទៅក្នុងតំបន់អាស៊ានបានកើនឡើង ៨.៥% ទៅដល់ទំហំ ២២៦ពាន់លានដុល្លារអាម៉េរិក»

បើតាមប្រសាសន៍របស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាស៊ានបានអភិវឌ្ឍខ្លួនក្លាយទៅជាមជ្ឈមណ្ឌល សម្រាប់សឺមីកុងឌុចទ័រ (Semiconductors), វិស្វកម្មយានយន្ត (Automotive Engineering) និងសេវាកម្មឌីជីថល។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការសម្រេចបានភាពធន់ដ៏រឹងមាំនេះ គឺជាលទ្ធផលផ្ទាល់ ដែលកើតចេញពីការប្តេជ្ញាចិត្ត ចំពោះការធ្វើសមាហរណកម្ម និងការធ្វើសុខដុមនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងឌីជីថល ក្នុងតំបន់។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា សម្រាប់ក្រុមហ៊ុនលំដាប់សកល ដែលមានបំណងស្វែងរកការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន,តំបន់អាស៊ាន មិនមែនគ្រាន់តែជាគោលដៅបន្ថែម (Alternative) ទៀតនោះទេ, ប៉ុន្តែជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រ ដែលជាស្នូលសម្រាប់កំណើនរយៈពេលវែង ប្រកបដោយចីរភាព។

នៅក្នុងក្របខ័ណ្ឌតំបន់នេះ ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចជាដៃគូយុទ្ធសាស្ត្រ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ ទោះបីស្ថិតក្នុងបរិបទតំបន់ និងសកលនាបច្ចុប្បន្ន, សេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ ដោយសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចអត្រាកំណើនរឹងមាំ ក្នុងរយៈពេលមធ្យមដែលការណ៍នេះបង្កើតឱ្យមានកាលានុវត្តភាពដ៏សម្បើមសម្រាប់ធុរកិច្ច និងការវិនិយោគ៕

អត្ថបទដែលជាប់ទាក់ទង