ប្រេងឆៅឡើងថ្លៃថែម ១ដុល្លារទៀត នាថ្ងៃពុធនេះ ខណៈសង្រ្គាមនៅមជ្ឈិមបូព៌ា ជះឥទ្ធិពលដល់ការផលិត និងនាំចេញ

(Reuters)៖ តម្លៃប្រេងអន្តរជាតិ នាថ្ងៃពុធ ទី៤ ខែមីនា បានកើនឡើងប្រហែល ១ដុល្លារ ខណៈដែលសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ រំខានដល់ទិន្នផលប្រេងមជ្ឈិមបូព៌ា និងបញ្ឈប់ការនាំចេញពីតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent បានឡើងថ្លៃ ១.១១ដុល្លារ ឬ ១.៤ភាគរយ គឺ ៨២.៥៣ដុល្លារក្នុងមួយបារ៉ែល។ រីឯប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិក បានកើនឡើង ៧៩សេន ឬ ១.១ភាគរយ គឺ ៧៥,៣៧ដុល្លារក្នុងមួយបារ៉ែល។

ការវាយប្រហាររបស់អ៉ីស្រាអែល និងសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ជំរុញឱ្យអ៉ីរ៉ង់វាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលមានចំណែកមួយភាគបីនៃផលិតកម្មប្រេងពិភពលោក។ ប្រទេស​ផលិត​ប្រេងឆៅ​ធំ​ទីពីរ​ក្នុង​អង្គការ​ប្រទេស​នាំចេញ​ប្រេង (OPEC) គឺ​អ៉ីរ៉ាក់បាន​កាត់បន្ថយ​ទិន្នផល​ជិត ១.៥លាន​បារ៉ែល​ក្នុង​មួយថ្ងៃ ឬ​ប្រហែល​ពាក់កណ្តាល​នៃ​ការផលិត​របស់ខ្លួន ដោយសារតែ​ដែនកំណត់​នៃ​ការផ្ទុក និង​កង្វះ​ផ្លូវ​នាំចេញ។ ក្រុមមន្រ្តីអ៉ីរ៉ាក់ប្រាប់ Reuters ថា​ទិន្នផល​ជិត ៣លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ អាចនឹងត្រូវខាតបង់នៅ​​ប៉ុន្មាន​ថ្ងៃខាងមុខ​ ប្រសិនបើ​ការនាំចេញ​មិន​បន្ត​​ឡើងវិញ។

អ៉ីរ៉ង់ ក៏បានកំណត់គោលដៅលើនាវាដឹកប្រេង នៅឯច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រហែលមួយភាគប្រាំនៃប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) របស់ពិភពលោកផងដែរ។ ចរាចរណ៍នៅតែបិទអស់រយៈពេល ៤ថ្ងៃមកហើយ ក្រោយអ៉ីរ៉ង់វាយប្រហារនាវា ៥គ្រឿង។ បច្ចុប្បន្នប្រទេស និងក្រុមហ៊ុននានា ចាប់ផ្តើមរកផ្លូវផ្សេងសម្រាប់ដឹកជញ្ជូន និងរកប្រភពផ្គត់ផ្គង់ជំនួស។ ក្រុមហ៊ុនប្រេងយក្សអារ៉ាប៊ីសាអូឌីត Aramco កំពុងព្យាយាមផ្លាស់ប្តូរផ្លូវនាំចេញមួយចំនួនតាមច្រកសមុទ្រក្រហម។

យ៉ាងនេះក្តី នៅឯសហរដ្ឋអាមេរិក ស្តុកប្រេងឆៅបានកើនឡើង ៥.៦លានបារ៉ែលកាលពីសប្តាហ៍មុន។ នេះបើយោងតាមប្រភពទីផ្សារ ដែលដកស្រង់តួលេខពីវិទ្យាស្ថានប្រេងកាតអាមេរិក។ រីឯតួលេខផ្លូវការពីរដ្ឋាភិបាលអាមេរិក អាចនឹងចេញនៅយប់ថ្ងៃពុធ៕

អត្ថបទដែលជាប់ទាក់ទង