សហរដ្ឋអាមេរិក អះអាងថាបាញ់ពន្លិចនាវាអ៉ីរ៉ង់ច្រើនជាង ៣០គ្រឿង
(វ៉ាស៊ីនតោន)៖ មន្ត្រីយោធាកំពូលម្នាក់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថាសហរដ្ឋអាមេរិកបានបាញ់ពន្លិចនាវាអ៉ីរ៉ង់ច្រើនជាង ៣០គ្រឿង អំឡុងសង្រ្គាមដែលកំពុងកើតឡើង ខណៈការវាយប្រហារដោយមីស៊ីល និងដ្រូនដោយកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់បានថយចុះគួរឱ្យកត់សម្គាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
ឧត្តមនាវីអាមេរិក លោក Brad Cooper ជាមេបញ្ចាការនៃទីបញ្ជាការយោធាអាមេរិក CENTCOM បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថាការវាយប្រហារដោយមីស៊ីលរបស់អ៉ីរ៉ង់ បានថយចុះ៩០ភាគរយបើធៀបទៅនឹងថ្ងៃដំបូងនៃសង្រ្គាម ខណៈការវាយប្រហារដោយដ្រូនក៏បានថយចុះ៨៣ភាគរយផងដែរ ធៀបទៅនឹងថ្ងៃដំបូងនៃសង្រ្គាម។
សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយអ៉ីរ៉ង់បានសងសឹកវិញដោយបើកការវាយប្រហារដោយបាញ់មីស៊ីល និងដ្រូនលើបណ្ដាប្រទេសជាច្រើនដែលមានមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ តាមលោក Cooper សហរដ្ឋអាមេរិកមិនត្រឹមតែកំពុងបំផ្លាញមីស៊ីលអ៉ីរ៉ង់ប៉ុណ្ណោះទេ តែក៏កំពុងព្យាយាមបំផ្លាញសមត្ថភាពផលិតមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ទៅថ្ងៃមុខផងដែរ៕