សង្រ្គាមអ៉ីស្រាអែល ជាមួយក្រុមហេសបូឡាលីបង់ បណ្តាលឱ្យអ្នកស្លាប់កើនដល់ជិត ៤០០នាក់

(បេរូត)៖ កាល​ពី​ថ្ងៃ​អាទិត្យ ទី៨ ខែមីនា អ៉ីស្រាអែល​ បាន​វាយ​ប្រហារ​សណ្ឋាគារ​មួយ​នៅ​ទី​ក្រុង​បេរូត​ ដែលជា​ការ​វាយ​ប្រហារ​លើក​ដំបូង​ចំ​កណ្តាល​ក្រុង ​ចាប់​តាំង​ពី​ធ្វើ​សង្គ្រាម​ថ្មី​ជាមួយ​ក្រុម​ហេសបូឡា ខណៈដែលលីបង់​និយាយថា មនុស្ស​ជិត ៤០០នាក់​ត្រូវ​បាន​សម្លាប់ក្នុង​រយៈពេល ១សប្តាហ៍​មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត គឺផ្តោតលើបន្ទប់សណ្ឋាគារមួយ ដោយបានសម្លាប់មនុស្ស ៤នាក់និងរបួស ១០នាក់។ យោធាអ៉ីស្រាអែល និយាយវាជាការវាយប្រហារជាក់លាក់ សំដៅលើមេបញ្ជាការ ៥នាក់នៅក្នុងកងកម្លាំង Quds Force ខណៈដែលពួកគេកំពុងប្រជុំក្នុងសណ្ឋាគារ។ Quds Force ជាកងកម្លាំងធ្វើប្រតិបត្តិការនៅបរទេសនៃឆ្មាំបដិវត្តន៍អ៉ីរ៉ង់។

ហេសបូឡា កាលពីថ្ងៃអាទិត្យបាននិយាយថា ខ្លួនបានកំណត់គោលដៅម្តងហើយម្តងទៀត លើភាគខាងជើងអ៉ីស្រាអែល រួមទាំងការវាយប្រហារមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង Haifa និងការបញ្ជូនដ្រូនជាច្រើនទៅកាន់ទីក្រុង Nahariya។ រដ្ឋមន្ត្រីសុខាភិបាលលីបង់ លោក Rakan Nassereddine បញ្ជាក់ថាការវាយប្រហាររបស់អ៉ីស្រាអែល បានសម្លាប់មនុស្សចំនួន ៣៩៤នាក់កាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា លីបង់ ត្រូវបានអូសទាញចូលទៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា តាំងពីថ្ងៃចន្ទសប្តាហ៍មុន នៅពេលដែលក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ បានវាយប្រហារអ៉ីស្រាអែល ជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូល Ayatollah Ali Khamenei អំឡុងការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល៕

អត្ថបទដែលជាប់ទាក់ទង