រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងភរិយា រៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ដោយឧទ្ទិសដល់ស្ត្រី និងកុមារី ដែលរងរបួស ពលី ក្នុងអំឡុងពេលនៃការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ»។

នាឱកាសនោះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានឡើងអានព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» ដែលជាប្រធានបទដ៏សមស្របសម្រាប់ប្រទេស កម្ពុជា នៅឆ្នាំ២០២៦នេះ។ ជារៀងរាល់ឆ្នាំ ក្រសួងព័ត៌មានតែងតែប្រារព្ធទិវាអន្តរជាតិ ៨ មីនា ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ចំពោះស្ត្រីក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងការចូលរួមចំណែករបស់ស្ត្រីក្នុងការស្វែងរកសន្តិសុខ និងសន្តិភាពទាំងនៅក្នុងរង្វង់គ្រួសារ ទាំងនៅក្នុងតំបន់ និងនៅលើសកលលោក។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨ មីនា គឺជាព្រឹត្តការណ៍សកលលោកដែលប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ការលះបង់ដ៏ធំធេងរបស់ស្ត្រី ក្នុងការតស៊ូទាមទារសិទ្ធិសេរីភាពរបស់ខ្លួនពីការមាក់ងាយពីសំណាក់សង្គម និងការរើសអើងនៅក្នុងកន្លែងការងារ ក៏ដូចជាឆ្លុះបញ្ចាំងអំពីភាពជោគជ័យរបស់ស្ត្រីក្នុងការលុបបំបាត់វិសមភាពយេនឌ័រនៅក្នុងសង្គម ព្រមទាំងជំរុញលើកទឹកចិត្តស្ត្រីឱ្យអង់អាចក្លាហានក្នុងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនក្នុងការសម្រេចចិត្ត និងការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍ។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ការជ្រើសរើសប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» សម្រាប់ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦ ពិតជាសមស្របខ្លាំងណាស់ទៅនឹងស្ថានភាពសង្គមកម្ពុជានាពេលបច្ចុប្បន្ន ដែលបានទទួលរងនូវការឈ្លានពានពីសំណាក់យោធាថៃ ជាលទ្ធផលបានបន្សល់ទុកនូវជនភៀសសឹករាប់ម៉ឺនគ្រួសារ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជន ការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ ជាពិសេសការពលីដ៏អង់អាចក្លាហានរបស់វីរកងពីរក្នុងបុព្វហេតុការពារទឹកដីមាតុភូមិកម្ពុជា។ សោដនាកម្មនៃសង្គ្រាមឈ្លានពានទាំង ២លើកនេះ បានប៉ះទង្គិចផ្លូវចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាជាខ្លាំង បន្ទាប់ពីកម្ពុជាបានទទួលសុខសន្តិភាព លែងនឹកនាដល់សង្គ្រាម អស់រយៈពេល ៣០ឆ្នាំកន្លងមកហើយ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសញ្ជាក់ថា សុខភាពផ្លូវចិត្តពិតជាសំខាន់ខ្លាំងណាស់ ដើម្បីឱ្យមនុស្សគ្រប់ៗរូបបន្តដំណើរជីវិត បំពេញការងារ និងរស់នៅប្រកបដោយសុភមង្គល។ នៅពេលសុខភាពផ្លូវចិត្តទទួលរងនូវការប៉ះទង្គិចវាប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ ជាពិសេសសន្តិភាពផ្លូវចិត្ត និងសុខមាលភាព។ បើតាមការសិក្សាស្រាវជ្រាវ ស្ត្រីងាយរងការប៉ះទង្គិចផ្លូវចិត្ត និងជំងឺបាក់ទឹកចិត្តខ្ពស់ជាងបុរស ដោយសារតែកត្តាច្រើនយ៉ាង រាប់បញ្ចូលទាំងកត្តាសង្គម កត្តាជីវសាស្ត្រ និងបន្ទុកនៃការទទួលខុសត្រូវខ្ពស់របស់ស្ត្រី។ ដូច្នេះ ការចូលរួមលើកកម្ពស់យេនឌ័រ គឺជាការផ្តល់តម្លៃដល់ស្ត្រី និងជាការទទួលខុសត្រូវរបស់មនុស្សគ្រប់ៗគ្នា ដើម្បីធានាបាននូវសន្តិសុខ និងសន្តិភាពផ្លូវកាយ ផ្លូវចិត្ត និងបញ្ញាស្មារតីរបស់ស្ត្រី ពីព្រោះសន្តិសុខ និងសន្តិភាពផ្លូវកាយ និងផ្លូវចិត្ត គឺជាមូលដ្ឋានគ្រឹះនៃសុខមាលភាពសម្រាប់ស្ត្រី និងគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង