សង្រ្គាមអ៉ីស្រាអែល ជាមួយក្រុមហេសបូឡាលីបង់ បណ្តាលឱ្យអ្នកស្លាប់កើនដល់ជិត ៤០០នាក់
(បេរូត)៖ កាលពីថ្ងៃអាទិត្យ ទី៨ ខែមីនា អ៉ីស្រាអែល បានវាយប្រហារសណ្ឋាគារមួយនៅទីក្រុងបេរូត ដែលជាការវាយប្រហារលើកដំបូងចំកណ្តាលក្រុង ចាប់តាំងពីធ្វើសង្គ្រាមថ្មីជាមួយក្រុមហេសបូឡា ខណៈដែលលីបង់និយាយថា មនុស្សជិត ៤០០នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ១សប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត គឺផ្តោតលើបន្ទប់សណ្ឋាគារមួយ ដោយបានសម្លាប់មនុស្ស ៤នាក់និងរបួស ១០នាក់។ យោធាអ៉ីស្រាអែល និយាយវាជាការវាយប្រហារជាក់លាក់ សំដៅលើមេបញ្ជាការ ៥នាក់នៅក្នុងកងកម្លាំង Quds Force ខណៈដែលពួកគេកំពុងប្រជុំក្នុងសណ្ឋាគារ។ Quds Force ជាកងកម្លាំងធ្វើប្រតិបត្តិការនៅបរទេសនៃឆ្មាំបដិវត្តន៍អ៉ីរ៉ង់។
ហេសបូឡា កាលពីថ្ងៃអាទិត្យបាននិយាយថា ខ្លួនបានកំណត់គោលដៅម្តងហើយម្តងទៀត លើភាគខាងជើងអ៉ីស្រាអែល រួមទាំងការវាយប្រហារមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង Haifa និងការបញ្ជូនដ្រូនជាច្រើនទៅកាន់ទីក្រុង Nahariya។ រដ្ឋមន្ត្រីសុខាភិបាលលីបង់ លោក Rakan Nassereddine បញ្ជាក់ថាការវាយប្រហាររបស់អ៉ីស្រាអែល បានសម្លាប់មនុស្សចំនួន ៣៩៤នាក់កាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា លីបង់ ត្រូវបានអូសទាញចូលទៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា តាំងពីថ្ងៃចន្ទសប្តាហ៍មុន នៅពេលដែលក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ បានវាយប្រហារអ៉ីស្រាអែល ជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូល Ayatollah Ali Khamenei អំឡុងការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល៕
