លោក ហ្សេលេនស្គី៖ អ៊ុយក្រែនបានបញ្ជូនដ្រូនសម្រាប់ស្ទាក់ដ្រូននិងក្រុមជំនាញការ ទៅការពារមូលដ្ឋានទ័ពអាមេរិកនៅហ៊្សកដានី

(កៀវ)៖ ក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មានអាមេរិក The New York Times ចេញផ្សាយនាថ្ងៃចន្ទនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ថា អ៊ុយក្រែនបានបញ្ជូនដ្រូនសម្រាប់ស្ទាក់យន្តហោះដ្រូន និងក្រុមជំនាញការផ្នែកដ្រូន ដើម្បីទៅការពារមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ៊្សកដានី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦។

លោក ហ្សេលេនស្គី បាននិយាយថា អាមេរិកបានស្នើសុំឱ្យជួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយក្រុមការងារអ៊ុយក្រែន បានចាកចេញភ្លាមៗនៅថ្ងៃបន្ទាប់។ លោករំពឹងថា ក្រុមជំនាញការនោះនឹងទៅដល់មជ្ឈិមបូព៌ា ក្នុងពេលឆាប់ៗ។ ទីក្រុងតេហេរ៉ង់ បានបាញ់យន្តហោះដ្រូនរាប់រយគ្រឿង លើគោលដៅអាមេរិកនៅតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងសម្បើមប្រឆាំងប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ អំឡុងសង្រ្គាមជាមួយរុស្ស៉ីជាច្រើនឆ្នាំមកនេះ អ៊ុយក្រែនបានអភិវឌ្ឍមធ្យោបាយមានប្រសិទ្ធភាពខ្ពស់ ដើម្បីបាញ់ស្ទាក់យន្តហោះដ្រូនអត្តឃាតផលិតដោយអ៉ីរ៉ង់ Shahed ដែលទីក្រុងមូស្គូបានប្រើប្រាស់។

គួរបញ្ជាក់ថា កាលពីអំឡុងប៉ុន្មានថ្ងៃដំបូងនៃសង្រ្គាមអាមេរិក-អ៉ីស្រាអែល ជាមួយអ៉ីរ៉ង់ អ៉ីរ៉ង់ត្រូវគេរាយការណ៍ថា បានបាញ់កម្ទេច​ប្រព័ន្ធរ៉ាដាតម្លៃរាប់រយលានដុល្លារ របស់ប្រព័ន្ធការពារដែនអាកាស THAAD នៅមូលដ្ឋានយោធាអាមេរិក ក្នុងប្រទេសហ៊្សកដានី៕

អត្ថបទដែលជាប់ទាក់ទង