រដ្ឋមន្ត្រី ហួត ហាក់៖ បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ជាឱកាសបង្ហាញសក្តានុពលទេសចរណ៍តាមដងទន្លេកម្ពុជា

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍សរុបចំនួន ៥០រូប។

អង្គប្រជុំបានស្តាប់សេចក្តីរាយការណ៍ពីលោក លោកស្រីប្រធានអនុគណៈកម្មការ និងលេខាធិការដ្ឋានអំពីការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យទន្លនេះ ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា កម្មវិធី ទីតាំងកម្មវិធី ស្តង់ពិព័រណ៌ ទស្សនីយភាពសិល្បៈ កម្មវិធីវប្បធម៌ សាសនា កីឡា មនុស្សធម៌ សិក្ខាសាលា ការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីធានាឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ក្នុងស្មារតីសាមគ្គីភាព និង ទេសចរណ៍ផ្សារភ្ជាប់ទឹកដី៕

អត្ថបទដែលជាប់ទាក់ទង