រដ្ឋបាលខេត្តសៀមរាប រៀបចំពិព័រណ៍ផលិតផលទេសចរណ៍បៃតងសហគមន៍ភូមិវត្តបូព៌ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងបរិស្ថាន
(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប សហគមន៍ភូមិវត្តបូព៌ និងវិស័យឯកជននៅក្នុងខេត្ត គ្រោងនឹងរៀបចំតាំងពិព័រណ៍ផលិតផលទេសចរណ៍បៃតង រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦ នៅតាមដងស្ទឹងក្នុងក្រុងសៀមរាប ដើម្បីដាក់តាំងបង្ហាញផលិតផល និងសេវាកម្មនានាដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីខាងលើ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ជីវ រដ្ឋា អធិការបតីរងប្រតិបត្តិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងថា ពិព័រណ៍នេះនឹងបង្ហាញពីផលិតផលទេសចរណ៍បៃតង ដែលមិនប៉ះពាល់ដល់បរិស្ថានពីក្រុង ស្រុកទាំង១៣ ក្នុងខេត្តសៀមរាប។
លោកបណ្ឌិត បានបន្តថា តាមរយៈពិព័រណ៍នេះ ជាការអប់រំ និងលើកកម្ពស់ការយល់ដឹងដល់អ្នកទេសចរ និងប្រជាជនមូលដ្ឋានឱ្យយល់ដឹងពីសារៈសំខាន់របស់ទេសចរណ៍បៃតង និងការអនុវត្តប្រកបដោយនិរន្តរភាព បង្កើតវេទិកាអន្តរកម្មសម្រាប់អាជីវកម្មក្នុងស្រុក និងប្រតិបត្តិករទេសចរណ៍។ ជាពិសេសជួយជំរុញ និងផ្ដល់ឱកាសដល់ក្រុង ស្រុកទាំង១៣ ក្នុងការរួមចំណែកអនុវត្តទេសចរណ៍បៃតង ដើម្បីលើកកម្ពស់មុខមាត់ខេត្តទាំងមូល។
លោក យុន លីនណេ អភិបាលរងខេត្ត បានលើកឡើងថា តាមរយៈការប្រមូលផ្ដុំផលិតផលពីតាមក្រុងស្រុកទាំង១៣ គេនឹងឃើញពីភាពច្នៃប្រឌិត និងការប្ដេជ្ញាចិត្តរបស់សហគមន៍មូលដ្ឋាននីមួយៗ ក្នុងការរួមចំណែកអភិរក្សបេតិកភណ្ឌធម្មជាតិ និងវប្បធម៌របស់ខេត្តសៀមរាប។
លោកបានបន្តថា មិនតែប៉ុណ្ណោះ វាក៏បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដែលជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ ដោយឡែក សម្រាប់ភ្ញៀវទេសចរវិញ ក៏អាចទទួលបាននូវបទពិសោធន៍នៃការកម្សាន្ត ជាផ្នែកមួយនៃការចូលរួមចំណែក ដើម្បីលើស្ទួយវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងពេលតែមួយផងដែរ។
ជាមួយនេះ លោកបញ្ជាក់ថា ដើម្បីឱ្យការរៀបចំពិព័រណ៍ផលិតផលទេសចរណ៍ខាងលើប្រព្រឹត្តទៅបានល្អប្រសើរ ស្របតាមផែនការគ្រោងទុក សូមឱ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ៕
