អ៉ីរ៉ង់ ប្រកាសដកខ្លួនពី World Cup 2026 ទោះលោក ត្រាំ និងប្រធាន FIFA ធានាសុវត្ថិភាពកីឡាករក៏ដោយ
(បរទេស)៖ នៅទីបំផុត ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់ បានប្រកាសដកខ្លួនពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ជាផ្លូវការហើយ បើទោះបីជាលោក Donald Trump និងប្រធាន FIFA ធានាអះអាងពីសុវត្ថិភាពកីឡាករយ៉ាងណាក៏ដោយ។
ប្រភពពីគេហទំព័រកីឡា BBC បានដកស្រង់សំដីលោក Youth Ahmad Donyamali រដ្ឋមន្រ្តីកីឡាអ៉ីរ៉ង់បានឱ្យដឹងថា អ៉ីរ៉ង់ នឹងមិនចូលរួម World Cup ជំនាន់ទី២៣ ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឡើយ។
លោក Donyamali បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ IRIB Sports Network កាលពីថ្ងៃអង្គារថា «ស្ថិតក្នុងស្ថានភាពសង្រ្គាម ដែលបានបាត់បង់មេដឹកនាំរដ្ឋាភិបាលផងនោះ ពួកយើងបានសម្រេចចិត្តបោះបង់មិនចូលរួម World Cup ឡើយ។ ក្រុមកីឡាកររបស់ពួកយើង គឺមិនមានសុវត្ថិភាពទេ ជាអ្វីដែលពួកយើងមិនចូលរួមនោះ»។
ទោះជាយ៉ាងណា កាលពីព្រឹកថ្ងៃពុធម្សិលមិញ ប្រធាន FIFA លោក Gianni Infantino បាននិយាយជាមួយលោក ត្រាំ ហើយប្រធានាធិបអាមេរិកបានប្រាប់លោកថា «អ៉ីរ៉ង់ ត្រូវបានស្វាគមន៍ និងធានាសុវត្ថិភាពយ៉ាងពេញលេញនៅ World Cup 2026»។
គួរបញ្ជាក់ផងថា ការដកខ្លួនពី WC26 របស់អ៉ីរ៉ង់ នឹងសល់ ១កៅអី ក្នុងចំណោម ៤៨ក្រុម (ប្រទេស) ស្របពេល FIFA ពុំទាន់មានចំណាត់ការ ក៏ដូចជានីតិវិធីបែបណានោះទេ ដើម្បីបង្រ្គប់កៅអី មុនពេលចាប់ផ្តើមដែលនៅសល់មិនដល់ ១០០ថ្ងៃទៀតនោះ។
អ៉ីរ៉ង់ ជាក្រុមខ្លាំងមួយដែលបានឆ្លងផុតវគ្គជម្រុះប្រចាំតំបន់អាស៊ីដោយជោគជ័យ និងត្រៀមបង្ហាញខ្លួននៅ World Cup ជុំចុងក្រោយជាលើកទី៤ ជាប់ៗគ្នាដែរ។ ពួកគេបានចាប់ឆ្នោតស្ថិតក្នុងពូល G ជាមួយណូវែលហ្សេឡង់ ប៊ែលហ្សិក និងអេហ្ស៊ីប ដែលសុទ្ធតែលេងនៅសហរដ្ឋអាមេរិកទាំងអស់៕
