លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ «ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា» ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ របស់កម្ពុជា នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ១ ៧០០នាក់ ។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ដើរដើម្បីសន្តិភាពយូរអង្វែងនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា សម្រាប់ម្តាយម្នាក់ សន្តិភាពគឺនៅពេលដែលម្តាយឱបកូនដោយគ្មានការភ័យខ្លាច គ្មានការរត់ចាកចេញពីលំនៅឋាន ព្រោះថាមានតែលំនៅឋាននេះហើយដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ថែមថា សម្រាប់ក្មេងស្រីម្នាក់វិញ សន្តិភាពគឺជាការជឿជាក់ក្នុងការអភិវឌ្ឍខ្លួន ការចូលរួមដោយគ្មានការរើសអើង ហើយជាការទទួលបាននូវការផ្តល់កតិ្តយសប្រកបដោយក្តីសង្ឃឹម។ សម្រាប់គ្រួសារសន្តិសុខគឺជាបរិយាកាសប្រកបដោយភាពសុខុដុមរមនា ការជួយគាំទ្រគ្នាទៅវិញទៅមក និងជាស្ថេរភាពភាពដែលអនុញ្ញាតឱ្យកូនៗរីកលូតលាស់ទៅជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។

សូមបញ្ជាក់ផងដែរថា កម្ពុជាជាប្រទេសមាតាធិបតេយ្យ ដែលឱ្យតម្លៃស្ត្រីជាធំ និងបានចូលរួមអបអរសាទរទិវាអន្តរជាតិនារី ចាប់តាំងពីឆ្នាំ១៩៧៧ ក្នុងគោលបំណងគោរពដល់ការតស៊ូរបស់ស្ត្រីក្នុងការទាមទារសិទ្ធិ សេរីភាព និងសមភាព។ ជាលទ្ធផលគួរជាទីមោទកៈ ក្នុងទិដ្ឋភាពតំបន់និងសាកល កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម ១១៨ប្រទេស និងលេខ២ ក្នុងតំបន់អាស៊ាន ក្នុងនាមជាប្រទេសដែលបានបញ្ជូនកងរក្សាសន្តិភាពស្ត្រី។ បន្ថែមពីលើនេះកម្ពុជាបានក្លាយជាអ្នកនាំមុខក្នុងតំបន់ ក្នុងការលើកកម្ពស់អនុវត្តរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ»

អត្ថបទដែលជាប់ទាក់ទង