ចិន ថាមិនយល់ស្របឡើយ ពាក់ព័ន្ធការវាយប្រហារលើប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ​Guo Jiakun បានលើកឡើងថា ចិនមិនយល់ស្របនោះទេ ចំពោះការវាយប្រហារលើបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស ហើយថ្កោលទោសការវាយប្រហារដោយមិនរើសមុខ ទៅលើជនស៉ីវិល និងគោលដៅមិនមែនយោធា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ ២០២៦។

សេចក្តីថ្លែងការណ៍នេះកើតមានឡើង ខណៈដែលភាពតានតឹងកំពុងកើនឡើងពាសពេញតំបន់ ដោយអ៉ីរ៉ង់ បានបាញ់មីស៉ីលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ IRIB ពិពណ៌នាថា ជាការបាញ់មីស៉ីលក្នុងកម្រិតខ្លាំងបំផុតប្រឆាំងអ៉ីស្រាអែល គិតចាប់តាំងពីផ្ទុះសង្គ្រាម។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ លោក ​Guo ក៏បានឱ្យដឹងដែរថា ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេស លោក Wang Yi បានទាក់ទងទៅកាន់ភាគីពាក់ព័ន្ធ និងទាក់ទងម្តងទៀតជាមួយសមភាគីនៃប្រទេសក្នុងតំបន់ តាមរយៈការហៅទូរស័ព្ទ ដើម្បីអំពាវនាវឱ្យមានសន្តិភាព បញ្ចប់អរិភាព និងបន្ធូរបន្ថយភាពតានតឹង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានចាប់ផ្តើមការវាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយអ៉ីរ៉ង់ឆ្លើយតបវិញ ដោយការកំណត់គោលដៅផ្ទាល់ទៅលើអ៉ីស្រាអែលផង និងក្រុមប្រទេសក្នុងតំបន់ឈូងសមុទ្រដែលមានមូលដ្ឋានយោធាអាមេរិកផង។ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក៏បានរារាំងការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz ផងដែរ ដោយជំរុញឱ្យតម្លៃប្រេងកើនឡើងខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង