អ៉ីរ៉ង់ ប្ដេជ្ញាថានឹងធ្វើឱ្យសហរដ្ឋអាមេរិកស្ដាយក្រោយចំពោះសង្រ្គាម

(តេហេរ៉ង់)៖ អ៉ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ បានប្ដេជ្ញាថានឹងធ្វើឱ្យសហរដ្ឋអាមេរិកស្ដាយក្រោយចំពោះសង្រ្គាមដែលកំពុងកើតឡើង ខណៈបន្តបិទច្រកសមុទ្រ Hormuz ដែលបានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារថាមពលអន្តរជាតិបានព្រមានថាសង្រ្គាមនៅមជ្ឈិមបូព៌ាអាចនឹងបង្កទៅជាវិបត្តិធ្ងន់ធ្ងរនៅក្នុងប្រវត្តិសាស្ត្រនៃឧស្សាហកម្មប្រេង។ ប៉ុន្តែ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បាននិយាយនៅលើបណ្ដាញទំនាក់ទំនងសង្គមថាការវាយបំបាក់អ៉ីរ៉ង់ គឺសំខាន់ជាងប្រេងឡើងថ្លៃទៅទៀត។ លោក ត្រាំ កំពុងប្រឈមមុខនឹងសម្ពាធនយោបាយកាន់តែខ្លាំង នៅចំពោះមុខផលវិបាកសេដ្ឋកិច្ចសកលនៃវិបត្តិដែលកំពុងកើនឡើង ខណៈលោកបានបញ្ជូនសារចម្រុះថាតើសង្រ្គាមជាមួយអ៉ីរ៉ង់នឹងបញ្ចប់នៅពេលណា?

ប្រមុខសន្តិសុខអ៉ីរ៉ង់ លោក Ali Larijani បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថា «ខណៈការចាប់ផ្ដើមសង្រ្គាមជារឿងងាយស្រួល វាមិនអាចឈ្នះសង្រ្គាមតាមរយៈការបង្ហោះ សារលើបណ្ដាញទំនាក់ទំនងសង្គមនោះទេ។ យើងនឹងមិនចុះញ៉ុមឡើយ រហូតទាល់តែយើងធ្វើឱ្យពួកអ្នកស្ដាយក្រោយចំពោះការគិតខុសដ៏ធ្ងន់ធ្ងរនេះ»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Ali Larijani ធ្វើឡើងបន្ទាប់ពីលោក Mojtaba Khamenei កាលពីថ្ងៃព្រហស្បតិ៍បានចេញសេចក្ដីថ្លែងការណ៍ជាលើកដំបូងបំផុត ចាប់តាំងពី ត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បន្ទាប់ពីឪពុករបស់លោក គឺលោក Ali Khamenei ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល។ ក្នុងសេចក្ដីថ្លែងការណ៍ លោក Mojtaba បានប្រកាសថាអ៉ីរ៉ង់នឹងបន្តបិទច្រកសមុទ្រ Hormuz៕

អត្ថបទដែលជាប់ទាក់ទង