តៃវ៉ាន់ រាយការណ៍ពីវត្តមានយន្ដហោះយោធាចិន បន្ទាប់ពីស្ងប់ស្ងាត់ខុសពីធម្មតា

(តៃប៉ិ)៖ តៃវ៉ាន់ នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ពីការវិលត្រឡប់នៃសកម្មភាពទ្រង់ទ្រាយធំ របស់កងទ័ពអាកាសចិននៅជុំវិញដែនកោះរបស់ខ្លួន បន្ទាប់ពីអវត្តមាន ខុសពីធម្មតាអស់រយៈពេលជាង ២សប្ដាហ៍ដោយបង្កឱ្យមានការសង្ស័យនៅក្នុងទីក្រុងតៃប៉ិចំពោះចេតនារបស់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ខ្លួន តែងតែបញ្ជូនយន្ដហោះចម្បាំង ដ្រូន និងយន្ដហោះយោធាផ្សេងទៀត ឱ្យធ្វើសកម្មភាពហោះហើរជុំវិញកោះតៃវ៉ាន់ស្ទើរតែជារៀងរាល់ថ្ងៃ លើកលែងតែអាកាសធាតុមិនអំណោយផល។ ក្រសួងការពារជាតិតៃវ៉ាន់ នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃនៅថ្ងៃអាទិត្យនេះបានឱ្យដឹងថាខ្លួនប្រទះឃើញយន្ដហោះយោធាចិន ២៦គ្រឿង នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

តៃវ៉ាន់បានរាយការណ៍ពីសកម្មភាពយន្ដហោះយោធាចិនចុងក្រោយបំផុតកាលពីថ្ងៃទី២៥ ខែកុម្ភៈ នៅពេលដែលយន្ដហោះ ៣០គ្រឿង បានធ្វើសកម្មភាពហោះហើរជុំវិញកោះតៃវ៉ាន់ បន្ទាប់ពី ចិនបាននិយាយថាខ្លួនបានដឹកនាំការល្បាត ត្រៀមលក្ខណៈប្រយុទ្ធនៅពេលនោះ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧​ ខែកុម្ភៈ រហូតដល់ថ្ងៃទី៧ ខែមីនា តៃវ៉ាន់មិនបានរាយការណ៍ពីវត្តមានយន្ដហោះយោធាចិន នៅក្បែរដែនកោះរបស់ខ្លួននោះទេ។ ចិនវិញក៏មិនបានពន្យល់អំពី ចេតនារបស់ខ្លួននោះដែរ។ ក្រុមអ្នកជំនាញខ្លះ បានលើកឡើងថាអវត្តមាននេះ អាចបណ្ដាលមកពីហេតុផលមួយចំនួន ក្នុងនោះរួមមានទីក្រុងប៉េកាំងកំពុងត្រៀមរៀបចំ ទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅចុងខែមីនានេះ ព្រមទាំងផលវិបាកបង្កឡើង ដោយការបោសសម្អាតឧត្តមសេនីយ៍ចិន ក្នុងជួរកងទ័ពអាកាសចិន និងការសន្សំសំច្ចៃប្រេងជាដើម ខណៈតម្លៃប្រេងហក់ឡើងថ្លៃ ដោយសារសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង