ទិវាសង្គមកិច្ច! នាយករដ្ឋមន្ត្រីអំពាវនាវឱ្យរួមគ្នា បង្កើនការផ្ដល់សេវាសង្គមឱ្យកាន់តែប្រសើរ
ភ្នំពេញ៖ ទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ នឹងរៀបចំឡើងក្រោម ប្រធានបទ «រួមគ្នាកសាងក្ដីសង្ឃឹមនិងភាពសុខដុមរមនា»។ តាមរយៈនេះ រដ្ឋាភិបាលជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាបង្កើនការផ្ដល់សេវាសង្គម ក្នុងសហគមន៍ ឱ្យកាន់តែប្រសើរឡើង។
ក្នុងសារលិខិតចុះថ្ងៃទី ១៣ ខែមីនា ដើម្បីអបអរ«ទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភព លោកលើកទី១៩» ថ្ងៃទី១៩មីនា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្មវិធីនៅឆ្នាំ នេះ ផ្ដោតសំខាន់លើតួនាទីនៃកម្លាំងសេវាសង្គម ដើម្បីគាំទ្រនូវតម្រូវការជាមូលដ្ឋាននិងអារម្មណ៍សុខ សុវត្ថិភាព គ្នាទៅវិញទៅមក។ លើសពីនេះ គឺបង្ហាញពីគុណតម្លៃនិងក្រមសីលធម៌ ជំនាញផ្ដល់សេវា ដល់ជនរងគ្រោះនិងជនងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។
ដើម្បីរួមចំណែកលើកកម្ពស់ការផ្តល់សេវាសង្គមកិច្ច ឱ្យកាន់តែប្រសើរ ប្រមុខរាជរដ្ឋាភិបាល អំពាវនាវ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យបង្កើនការយកចិត្តទុកដាក់ តាមគ្រប់មធ្យោ បាយ ដើម្បីលើកកម្ពស់គុណតម្លៃ របស់កម្លាំងសេវាសង្គម និងសមិទ្ធផលការងារ។ ចំពោះគ្រប់ប្រព័ន្ធ ផ្សព្វផ្សាយរបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានផ្សេងទៀត ត្រូវជួយផ្សព្វផ្សាយឱ្យបានទូលំ ទូលាយ។
សម្តេច ហ៊ុន ម៉ាណែត ប្រាប់ទៅក្រសួងសង្គមកិច្ច និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដូច្នេះ៖ «ត្រូវបង្កើនការយកចិត្តទុកដាក់ លើកទឹកចិត្ត និងគាំទ្រតាមគ្រប់ មធ្យោបាយ ក្នុងការចូលរួមជំរុញនិងបង្កើនការផ្តល់សេវាសង្គមនៅក្នុងសហគមន៍ឱ្យបានកាន់តែល្អ ប្រសើរថែមទៀត»។
សូមជម្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧ យកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និង ការអភិវឌ្ឍមនុស្ស គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្ដានុពល សម្រាប់ ការអភិវឌ្ឍសង្គម។ កន្លងមក ក្នុងការអភិវឌ្ឍនិងការលើកកម្ពស់ការផ្តល់សេវា ក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិនានា រួមមាន ច្បាប់ស្ដីពីយុត្តិធម៌អនីតិជន ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស, ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិ ជនពិការ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥, គោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០, គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩ -២០២៩, គោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ២០២៤ ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តនានា របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ៕