តម្លៃមាសធ្លាក់ចុះខ្លាំងបំផុត ក្នុងពេលជាង៤០ឆ្នាំចុងក្រោយនេះ
(ញូវដែលី)៖ តម្លៃមាសបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីសប្ដាហ៍មុនមក មកនៅត្រឹម ៤៣៥៤ដុល្លារក្នុងមួយអោន ដែលនេះជាតម្លៃធ្លាក់ចុះខ្លាំងបំផុតក្នុងពេល ៤០ឆ្នាំមកនេះ ខណៈសហរដ្ឋអាមេរិក និងអ៉ីស្រាអែលនៅតែបន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Economic Times នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦។
តម្លៃមាសបានធ្លាក់ចុះយ៉ាងខ្លាំងពី ៥២០០ដុល្លារក្នុងមួយអោន កាលពីថ្ងៃទី១៣ ខែមីនា មកនៅត្រឹម ៤៣៥៤ដុល្លារក្នុងមួយអោនគិតត្រឹមថ្ងៃទី២៣ ខែមីនា។ តម្លៃមាសមុនពេលសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើង បានហក់ឡើងខ្ពស់បំបែកកំណត់ត្រា ៥៥៩៥.៥១ដុល្លារ ក្នុងមួយអោន តែឥលូវតម្លៃមាសបានធ្លាក់ចុះដោយសារតែការប្រែប្រួលស្ថានភាពទីផ្សារពិភពលោកកើតចេញពីសង្រ្គាមអ៉ីរ៉ង់។
គួរបញ្ជាក់ថា សង្រ្គាមអ៉ីរ៉ង់បាន និងកំពុងធ្វើឱ្យទីផ្សារថាមពលចលាចលជាមួយប្រេងឡើងថ្លៃដែលបង្កឱ្យមានការព្រួយបារម្ភពីអតិផរណា៕