រុស្ស៉ីប្រើដ្រូនជិត ១០០០គ្រឿងវាយប្រហារអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោច៨នាក់

(កៀវ)៖ កាលពីថ្ងៃអង្គារ ទី២៤ ខែមីនា អ៊ុយក្រែនបានអះអាងថា ក្នុងរង្វង់ពេល២៤ម៉ោង រុស្ស៉ីបានប្រើយន្តហោះដ្រូនសរុបរហូតដល់ជិត ១០០០គ្រឿង វាយប្រហារមកលើខ្លួន ដែលជាការវាយប្រហារដ៏ធំបំផុតមួយ ហើយបានផ្តាច់ជីវិតមនុស្សយ៉ាងហោច៨នាក់ និង​បង្កការខូចខាតចំពោះទីតាំងបេតិកភណ្ឌ UNESCO មួយកន្លែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន France24។

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា អំឡុងពេលថ្ងៃកាលពីថ្ងៃអង្គារ រុស្ស៉ីបានបញ្ជូនយន្តហោះដ្រូនចំនួន ៥៥០គ្រឿង បន្ទាប់ពីវេលាយប់មុននោះ បានបញ្ជូនចំនួន៣៩២គ្រឿង។ ការវាយប្រហារដ៏ធំសម្បើមនេះ បានសម្លាប់មនុស្ស៨នាក់ និងចំលើព្រះវិហារបុរាណមួយកន្លែង ដែលត្រូវចុះក្នុងបញ្ជីអង្គការ UNESCO ស្ថិតនៅទីក្រុង Lviv ភាគខាងលិចអ៊ុយក្រែន។

អំឡុងការវាយប្រហារពេលថ្ងៃ មនុស្ស២នាក់បានស្លាប់ នៅទីក្រុង Ivano-Frankivsk និងម្នាក់នៅតំបន់ Vinnytsia បន្ទាប់ពី​ការវាយប្រហារកាលពីវេលាយប់ ចំលើអគារស្នាក់នៅក្នុងទីក្រុងមួយចំនួន ដែលបានផ្តាច់ជីវិតមនុស្ស៥នាក់ទៀត។

គួរបញ្ជាក់ថា ការវាយប្រហារទាំងពេលថ្ងៃខាងលើនេះ គឺជារឿងដ៏កម្រមួយ ដ្បិតទីក្រុងមូស្គូជាទូទៅ បើកការវាយប្រហារតាមអាកាស​លើអ៊ុយក្រែន តែពេលយប់ប៉ុណ្ណោះ អំឡុងសង្រ្គាមរយៈពេល៤ឆ្នាំមកនេះ។ កិច្ចចរចាជុំទី៣ រវាងប្រទេសទាំងពីរ ដែលមានគោលដៅ​ចង់ស្វែងរកទីបញ្ចប់សម្រាប់ជម្លោះនេះ បានជាប់គាំងដោយសារតែសហរដ្ឋអាមេរិក កំពុងជាប់ដៃក្នុងសង្រ្គាមដែលខ្លួនបង្កឡើងនៅឯ​តំបន់មជ្ឈិមបូព៌ា៕

អត្ថបទដែលជាប់ទាក់ទង