ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥

(ស្វាយរៀង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្វាយរៀង ជាមួយទុនវិនិយោគសរុបប្រមាណ៣០.៦លានដុល្លារអាេមរិក និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ រួមមាន ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ខាងក្រោមជាខ្លឹមសារ និងប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសោមនស្ស ដែលបានចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥»

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និងបរិស្ថាន, តាមរយៈការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងការការពារបរិស្ថាន, សំដៅចូលរួមលើកកម្ពស់ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាពិសេស អ្នករស់នៅក្នុងខេត្តស្វាយរៀង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណជាអនេកចំពោះ ប្រជាជន រាជរដ្ឋាភិបាល និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដែលបានរួមចំណែកឈានមុខដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ តាមរយៈការផ្តល់ឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសជាច្រើនដល់កម្ពុជា, រួមទាំងការទទួលយកពលករកម្ពុជាជាច្រើនទៅបម្រើការងារនៅប្រទេសជប៉ុន ក្នុងលក្ខខណ្ឌល្អប្រសើរ និងគួរជាទីទុកចិត្ត

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងនេះ គឺជាហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងទំហំទឹកប្រាក់ ៣,៩៨៦លានយ៉េន ឬប្រមាណ៣០.៦លានដុល្លារអាមេរិក សម្រាប់សាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្ដូងតាសី និងបណ្តាញទឹកស្អាត ដែលនឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ៦,៨០០ម៣/ថ្ងៃ ដល់ប្រព័ន្ធផលិតទឹកស្អាតខេត្តស្វាយរៀង ធ្វើឱ្យសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសរុបរបស់រដ្ឋាករទឹកស្វាយរៀង កើនដល់ប្រមាណ២២,៦០០ម៣ថ្ងៃ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ឯកអគ្គរាជទូតជប៉ុន ដែលតែងធ្វើដំណើររួមគ្នាជាមួយសម្ដេច ដើម្បីសម្ពោធសមិទ្ធផលជាច្រើន តាំងពីដើមអាណត្តិទី៦មកម្ល៉េះ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និង គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តទាំង ៥ នេះ, រដ្ឋាករទឹកស្វាយរៀង នឹងមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានពេញលេញ នៅក្នុងដែនសេវារបស់ខ្លួនទាំងមូល។ ខេត្តស្វាយរៀង នឹងទទួលបានគម្រោងវិនិយោគក្នុងវិស័យទឹកស្អាតបន្ថែមទៀត ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលនឹងរួមចំណែកដល់ការកែលម្អបរិយាកាសធុរកិច្ច, ការទាក់ទាញវិនិយោគ, ការលើកកម្ពស់សុខុមាលភាពសាធារណៈ, និងការបង្កើនភាពប្រកួតប្រជែង របស់ខេត្តស្វាយរៀង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តស្វាយរៀង គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដោយសារការរីកចម្រើនផ្នែកឧស្សាហកម្ម, ពាណិជ្ជកម្មឆ្លងដែន, និងការកើនឡើងនៃការវិនិយោគពីក្រៅប្រទេស។ ទោះបីការរីកចម្រើននេះ នាំមកនូវបញ្ហាប្រឈមមួយចំនួន ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ ពិតជាបានជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់ប្រជាពលរដ្ឋ ធុរជន និងវិនិយោគិន។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលធ្វើដំណើរមកខេត្តស្វាយរៀង បានឃើញដីនៅសល់ទំនេរច្រើន និងសង្ឃឹមថា នៅថ្ងៃខាងមុខ រោងចក្រឧស្សាហ៍កម្មកាន់តែមានច្រើននៅខេត្តស្វាយរៀង។ សម្ដេចសង្ឃឹមថា ២០ឆ្នាំទៀត ខេត្តស្វាយរៀង នឹងក្លាយទៅជាបណ្ដុំនៃរោងចក្រ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រសិនបើឧស្សាហ៍កម្មរីកនៅខេត្តស្វាយរៀង មិនយូរមិនឆាប់ នឹងរីកចម្រើនដល់ខេត្តព្រៃវែង ប្រៀបដូចទិសខាងលិច នៃប្រទេសកម្ពុជា ដូចជារាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជាដើម។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលមុនគេតែងនិយាយថា ខេត្តស្វាយរៀង និងខេត្តព្រៃវែង ដីមិនសូវមានជីវភាពដាំដំណាំមិនសូវល្អ ប៉ុន្ដែនៅពេលបច្ចុប្បន្ននេះ គឺដាំរោងចក្រតែម្ដង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីកពង្រឹងហេដ្ឋារចនាសម្ព័ន្ធ គឺជាចាំបាច់ដើម្បីបំពេញនូវតម្រូវការឧស្សាហ៍កម្ម បើមានសក្ដានុពល ហើយគ្មានហេដ្ឋារចនាសម្ព័ន្ធ ក៏មិនអាចទៅរួចនោះដែរ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង ដែលបង្ក្រាបបទល្មើស Online Scams និងសូមកុំឲ្យប៉ះពាល់ដល់សន្ដិសុខ ដោយសារបញ្ហានេះ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង ត្រូវបន្ដធានាបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីទាក់ទាញការវិនិយោគ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ខិតខំបោសសម្អាត ថែទាំបរិស្ថាននៃការវិនិយោគ និងស្នើទូតជប៉ុន ជំរុញវិនិយោគិនជប៉ុន មកកាន់ខេត្តស្វាយរៀង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរដ្ឋបាលខេត្តស្វាយរៀង រៀបចំទីតាំងសក្ដានុពលពិសេសណាមួយ សម្រាប់វិនិយោគិនជប៉ុន

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ចទី១ លំដាប់ពិភពលោក គឺគិតអំពីប្រទេស ប៉ុន្ដែក្នុងប្រទេសមួយ គឺគិតពីសេដ្ឋកិច្ចខេត្ត

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អភិបាលខេត្តនីមួយៗ ត្រូវតែខិតខំប្រឹងប្រែង លើកស្ទួយខេត្តរបស់ខ្លួន

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំអភិបាលខេត្តទាំងអស់ ត្រូវឲ្យលុបបំបាត់បញ្ហាប្រឈមសម្រាប់ការវិនិយោគ និងការរស់នៅរបស់ប្រជាជន

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងទៅរាជរដ្ឋាភិបាលបានសម្រេចគម្រោងពីរដែលធំៗ ក្នុងនោះ ទី១៖ សុខាភិបាល ចំណាយថវិកាជិត២០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីពង្រឹងសមត្ថភាពពេទ្យបង្អែកស្រុក វះកាត់បឋម, ទី២៖ ក្រសួងឧស្សាហ៍កម្ម ៦០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពទឹកស្អាត

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ គឺ ស្វាយរៀង កំពង់ធំ មណ្ឌលគិរី ពោធិ៍សាត់ និងកំពត, រាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍ឱ្យប្រើប្រាស់ប្រភពមូលនិធិទ្រទ្រង់ថវិកា សរុបប្រមាណ៦០លានដុល្លារអាមេរិក សម្រាប់កសាងបណ្តាញបំពង់ចែកចាយទឹក ប្រវែងប្រមាណ ៧៥០ គីឡូម៉ែត្រ ដែលអាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ សរុបប្រមាណ ២៧,៥០០គ្រួសារ, ពីឆ្នាំ២០២៥ ដល់២០២៧ ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាត ក៏ដូចជា ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍប្រទេសជាតិ, ការលើកកម្ពស់សុខុមាលភាពសាធារណៈ, ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការបំពេញតម្រូវការជាសារវន្ត នៃការអភិវឌ្ឍវិស័យឧស្សាកម្ម និង សិប្បកម្ម នៅកម្ពុជា

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ព្រមទាំង ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ-បុគ្គលិក គ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក៏ដូចជា អង្គភាពរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជន ដែលបាននិងកំពុងខិតខំអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្មផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ប្រកបដោយ សីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់, ស្របតាម គោលការណ៍ណែនាំ ស្ដង់ដាបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ក្នុងវិស័យទឹកស្អាត។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងការបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន៥ ពោលគឺ ស្វាយរៀង កំពង់ធំ ពោធិ៍សាត់ មណ្ឌលគិរី និង កំពត នាពេលនេះ កំពុងឆ្លុះបញ្ចាំងអំពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដើម្បីការពារធនធានទឹក និង បរិស្ថានធម្មជាតិ, លើកកម្ពស់អនាម័យ, គាំពារសុខភាពសាធារណៈ, គាំទ្រការអភិវឌ្ឍវិស័យឧស្សាហកម្ម ប្រកបដោយចីរភាព, និង ពង្រឹងភាពអាចរស់នៅបាន នៃសហគមន៍ និង ទីក្រុងរបស់យើង, សំដៅរក្សាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច, និង ការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ, ពោលគឺធានាសុខដុមនីយកម្មនៃការអភិវឌ្ឍ ឧស្សាហកម្ម បរិស្ថាន និង សហគមន៍។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពន្យល់អំពីមូលហេតុដែលភូមិឋានរីកចម្រើនហើយ បានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតទៅដល់តាមក្រោយ ពោលគឺជាការអនុវត្តសេដ្ឋកិច្ចទីផ្សារ។ កន្លែងខ្លះបង្កើតបុរី លឿនជាផែនការរបស់រាជរដ្ឋាភិបាល។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រឹកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ជាអនុសាសន៍មួយចំនួន ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវ៖

ទី១៖ បន្តសហការជិតស្និទ្ធជាមួយ ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតឱ្យបានជាអតិបរមា, ដោះស្រាយប្រភពទឹកឱ្យបានគ្រប់គ្រាន់ និងចៀសវាងផលប៉ះពាល់អវិជ្ជមានចំពោះបរិស្ថានសំដៅឱ្យការផ្គត់ផ្គង់ទឹកស្អាត សម្រេចបានលក្ខខណ្ឌគោលទាំង៤ គឺគុណភាព សុវត្ថិភាព និរន្តរភាព និង ថ្លៃសមរម្យ។
ទន្ទឹមនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសិក្សាលទ្ធភាព អភិវឌ្ឍប្រភពទឹកបន្ថែមក្នុងខេត្តស្វាយរៀង និងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាមួយ «ព្រែកជីកហ្វូណនតេជោ» ដើម្បីមានប្រភពទឹកបន្ថែម ប្រកបដោយនិរន្តរភាព សម្រាប់ការប្រើប្រាស់ពហុវិស័យ

ទី២៖ បន្តជំរុញការអនុវត្ត «គោលនយោបាយថ្លៃទឹកស្អាត ប្រកបដោយសមធម៌» ព្រមទាំងពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋ ក្នុងការធានាការផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងទាន់ពេលដល់ប្រជាពលរដ្ឋ, រោងចក្រ, សហគ្រាស, តំបន់ឧស្សាហកម្ម, តំបន់សេដ្ឋកិច្ចពិសេស, តំបន់កសិ-ឧស្សាហកម្ម, បណ្ដុំសហគ្រាសធុនតូច និង មធ្យម, និងទីប្រជុំជនដែលមានសកម្មភាព
សេដ្ឋកិច្ច និង នគរូបនីយកម្ម រីកចម្រើន ឆាប់រហ័ស

ទី៣៖ បន្តដឹកនាំការពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាត, ទាំងក្នុង និង ក្រៅ ទីប្រជុំជន តាមរយៈ ការលើកទឹកចិត្តវិស័យឯកជនឱ្យចូលរួមវិនិយោគបន្ថែម ។ ទន្ទឹមនេះ, ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន តាមរយៈ ការគ្រប់គ្រងអាជ្ញាបណ្ណទឹកស្អាត ឱ្យបានម៉ឺងម៉ាត់ និងពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករឯកជន

ទី៤៖ ពង្រឹងកិច្ចសហការ ជាមួយគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ព្រមទាំង ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលវិស័យទឹកស្អាតកំពុងជួបប្រទះ ជាពិសេស ការធានាបាននិរន្តរភាពប្រភពទឹក និងប្រភពទឹកដែលគ្មានការបំពុល ។ ទន្ទឹមនេះ, សូមអតិថិជនទាំងអស់ចូលរួម «យុទ្ធនាការប្រើប្រាស់ទឹកដោយ សំចៃ» ដើម្បីគាំពារបរិស្ថាន ក៏ដូចជាធានាបាននូវ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» និង រក្សានិរន្តរភាព នៃសេវាផ្គត់ផ្គង់ទឹកស្អាត នៅកម្ពុជា

ទី៥៖ បន្តជំរុញស្វយ័តកម្ម រដ្ឋាករទឹកស្អាតនៅតាមទីប្រជុំជន, និង លើកទឹកចិត្តឱ្យមានការវិនិយោគលើវិស័យទឹកស្អាត ក្នុងភូមិសាស្ត្រអាទិភាព ដោយត្រូវគិតគូរ, ទាំងលើទិដ្ឋភាព សេដ្ឋកិច្ច និងសង្គម, ព្រមទាំងកៀរគរហិរញ្ញប្បទានដែលមានលក្ខណៈសម្បទានខ្ពស់ និងហានិភ័យទាប ដើម្បីឱ្យអង្គភាពរដ្ឋាករទឹកសាធារណៈ ទទួលបានប្រាក់ចំណេញខ្ពស់ ដែលនឹងជួយទ្រទ្រង់ដល់ កំណើនរយៈពេលវែង និងការពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតទៅដល់តំបន់ដែលមានសក្ដានុពលទាប ឬតំបន់ដែលស្ទើរតែគ្មានសក្តានុពល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅម៉ោង៩៖៤០នាទីនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦

អត្ថបទដែលជាប់ទាក់ទង