អនុប្រធានព្រឹទ្ធសភាប្រាប់សមាជិកព្រឹទ្ធសភាត្រូវធ្វើការរួមគ្នាដោយមិនប្រកាន់បក្សនយោបាយ
អនុប្រធានទី២ព្រឹទ្ធសភា លោក ធន់ វឌ្ឍនា បានថ្លែងរំលឹកទៅកាន់សមាជិកព្រឹទ្ធសភាទាំងអស់ គឺត្រូវខិតខំធ្វើការរួមគ្នាក្នុងការបម្រើប្រយោជន៍ជាតិ និងប្រជាជន ដោយមិនត្រូវប្រកាន់គណបក្សនយោបាយឡើយ។
លោក បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ថា សមាជិកព្រឹទ្ធសភាមកពីគ្រប់គណបក្សនយោបាយឱ្យខិតខំធ្វើការទាំងអស់គ្នា និងធ្វើការរួមគ្នាក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីសុខសន្តិភាព និងវិបុលភាពរបស់ប្រទេសជាតិ និងប្រជាជាតិខ្មែរ។
គួរឱ្យដឹងថា ព្រឹទ្ធសភា នីតិកាលទី៥ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺមានសមាជិកចំនួន៦២រូប ដែលសមាជិក ៥៨រូបត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយ៥៥រូបពីគណបក្សប្រជាជនកម្ពុជា និង៣រូបពីគណបក្សឆន្ទៈខ្មែរ។ ដោយឡែកសមាជិក២រូប ត្រូវបានជ្រើសរើសដោយព្រះមហាក្សត្រ និង២រូបទៀត ជ្រើសដោយរដ្ឋសភា។
លោកអនុប្រធានព្រឹទ្ធសភា បានណែនាំដល់សមាជិកព្រឹទ្ធសភាឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានលើការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាថា ការអនុវត្តនានា គឺប្រកបដោយតម្លាភាព និងផ្ដល់នូវឧត្តមប្រយោជន៍ដល់ប្រជាជន។
ក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ទី៨ និងក្រុមសមាជិកាព្រឹទ្ធសភានេះ គឺដើម្បីពិភាក្សា និងឆ្លុះបញ្ចាំងពីសកម្មភាពការងារ ពិសេសបញ្ហាប្រឈម និងសំណូមពរ ដែលសមាជិកព្រឹទ្ធសភាបានជួបនៅតាមភូមិភាគនីមួយៗ។
ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ជាពិសេសបញ្ហាបណ្តាលមកពីសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលបណ្ដាលឱ្យតម្លៃថាមពលកើនឡើង លោកអនុប្រធានទី២ បានរំលឹកឱ្យសមាជិកព្រឹទ្ធសភាតាមភូមិភាគជួយណែនាំ និងជំរុញស្មារតីសន្សំសំចៃការប្រើប្រាស់ថាមពល និងត្រូវចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចឱ្យមានការប្រកួតប្រជែង នៅតាមភូមិភាគរៀងៗខ្លួនផងដែរ៕
