យោធាអាមេរិក សម្លាប់មនុស្ស៤នាក់ ក្នុងការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន នៅតំបន់ Caribbean

(វ៉ាស៊ីនតោន)៖ ទីបញ្ជាការយោធាភូមិភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ឬ SOUTHCOM បានឱ្យដឹងកាលពីថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ ថាយោធាអាមេរិកបានបើកការវាយប្រហារ លើទូកសង្ស័យដឹកគ្រឿងញៀនមួយគ្រឿង ក្នុងតំបន់ Caribbean ដោយសម្លាប់មនុស្ស ៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

SOUTHCOM ដែលទទួលបន្ទុកលើប្រតិបត្តិការយោធាក្នុងតំបន់អាមេរិកឡាទីន និង Caribbean បានគូសបញ្ជាក់ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមដូច្នេះថា «កាលពីថ្ងៃទី២៥ ខែមីនា អនុវត្តតាមបញ្ជារបស់មេបញ្ជាការ SOUTHCOM លោកនាយឧត្តមសេនីយ៍ Francis L. Donovan កងកម្លាំង Joint Task Force Southern Spear បានដឹកនាំ ការវាយប្រហារលើទូកមួយគ្រឿងដែលត្រូវបានធ្វើប្រតិបត្តិការដោយអង្គការភេរវកម្ម»។ តាម SOUTHCOM ព័ត៌មានស៊ើបការណ៍សម្ងាត់បានបញ្ជាក់ថាទូកមួយគ្រឿងនេះបានធ្វើដំណើរ ឆ្លងកាត់តាមផ្លូវរត់ពន្ធគ្រឿងញៀនក្នុងតំបន់ Caribbean និងបានចូលរួមក្នុងប្រតិបត្តិការរត់ពន្ធគ្រឿងញៀន។

គួរបញ្ជាក់ថា គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ ការវាយប្រហារកាលពីថ្ងៃពុធរបស់យោធាអាមេរិក គឺជាការវាយប្រហារលើកទី៤៧ លើទូកសង្ស័យដឹកគ្រឿងះញៀន នៅក្រោមប្រតិបត្តិការ ឈ្មោះថា Operation Southern Spear ដែលបានសម្លាប់មនុស្សជិត ១៦៣នាក់៕

 

អត្ថបទដែលជាប់ទាក់ទង