ខេត្តសៀមរាប ប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី១៣ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត និងកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុង»
(សៀមរាប)៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប សហការជាមួយមន្ទីរ អង្គភាព ពាក់ព័ន្ធ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ និងការសម្អាតទីក្រុង ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត និងកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុង» នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប។
ពីធីនេះធ្វើឡើក្នុងគោលបំណង ដើម្បីបំផុសការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជនឱ្យចូលរួមកាន់តែសកម្ម និងយកចិត្តទុកដាក់ក្នុងការលើកម្ពស់ ការអភិវឌ្ឍន៍បៃតងការផ្ដល់នូវបដិសណ្ឋារកិច្ចល្អ ជាពិសេសការបន្តនិរន្តរភាពទីក្រុងស្អាត សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍សុវត្ថិភាពស្អាត និងបៃតង។
ក្នុងឱកាសនោះ លោក ធិម សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានលើកឡើងថា កម្មវិធីនេះក៏ធ្វើឡើងក្នុងគោលបំណងសម្អាតអនាម័យតាមដងផ្លូវក្នុងក្រុងសៀមរាប ឱ្យកាន់តែស្អាតល្អ មានអនាម័យ បរិស្ថានល្អ ទោះបីជាក្រុងសៀមរាប មានអនាម័យបរិស្ថានល្អប្រសើរមួយកម្រិតហើយក្ដី និងត្រូវបានគណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត ផ្ដល់រង្វាន់ជ័យលាភីរំដួលបីទង ជាទីក្រុងស្អាតជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៥ មកក៏ដោយ។
លោកបានបន្តថា កម្មវិធីនេះ ក៏ជាការបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋ ឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាមម៉ោង តាមពេល និងគោលដៅដែលសាលាក្រុងបានកំណត់។
លោកបន្តថា ក្នុងឱកាសដែលខេត្តសៀមរាប ទទួលបានជ័យលាភី ក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី៥ ឆ្នាំ២០២៦-២០២៨ ដែលជាជ័យលាភីជាទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជា សម្រាប់ខេត្តសៀមរាបលទ្ធផលនេះ ជាលទ្ធផលដ៏ត្រចះត្រចង់ បង្ហាញឱ្យឃើញពីការចូលរួមសហការគាំទ្រដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត តាមរយៈការផ្សព្វផ្សាយ និងពង្រឹងគុណភាពផលិតផល ពង្រឹងគុណភាពសេវាជាដើម។
លោកបន្ថែមថា ខេត្តសៀមរាប ជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេសយើង និងមានសក្ដានុពល បាននឹងកំពុងទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ស្ទើរគ្រប់ជាតិសាសន៍ក្នុងពិភពលោក។ ដើម្បីរក្សាបាននូវគុណតម្លៃនិងកិត្តិយសនេះ ឱ្យមាននិរន្តរភាព យើងមិនត្រូវចោលសំរាមពាសវាលពាសកាល ព្រោះវាជាបញ្ហាជះផលប៉ះពាល់ជាអវិជ្ជមានដល់សុខុមាលភាពសាធារណៈ និងសោភ័ណភាពក្រុង។
ជាមួយនវដែរ លោកក៏សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និងប្រជាពលរដ្ឋ ព្រមទាំងម្ចាស់អាជីវកម្មនានា បន្តសហការចូលរួមគ្រប់ៗគ្នា ឈរលើស្មារតី ភាពស្អាតផ្ដើមចេញពីយើងម្នាក់ៗ និងរួមគ្នាថែរក្សាបរិស្ថាន អនាម័យនៅតាមមុខផ្ទះ និងទីកន្លែងរបស់ខ្លួនឱ្យបានជាប្រចាំ ត្រូវវិចខ្ចប់សំរាម និងកាកសំណល់ផ្សេងៗ ព្រមទាំងយកទៅចោលក្នុងធុងសំរាមតាមគោលដៅផងដែរ៕
