មន្ត្រីយោធាវៀតណាមសុំការគាំទ្របន្ថែមពីរដ្ឋមន្រ្តី ទៀ សីហា ក្នុងការរុករកអដ្ឋិធាតុកងទ័ពខ្លួនពលីនៅកម្ពុជា
មន្ត្រីយោធារបស់វៀតណាម បានស្នើសុំការគាំទ្របន្ថែមពីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្នុងការបន្តរុករកអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា ក្នុងសម័យសង្គ្រាម។ ការស្នើសុំរបស់ភាគីវៀតណាមនេះ បានធ្វើឡើងនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងជំនួបនៅទីស្ដីការក្រសួង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។
បើតាមខ្លឹមសារចុះផ្សាយលើគេហទំព័រផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា ក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ទោ ចិន វិញង៉ុក ប្រធាននយោបាយយោធភូមិភាគទី៧ នៃកងទ័ពវៀតណាម បានរាយការណ៍ជូននាយឧត្តមសេនីយ៍ ទៀ សីហា ពីលទ្ធផលដែលសម្រេចបាននាពេលកន្លងមក ដោយក្នុងឆ្នាំ២០២៥ ក្រុមការងាររបស់យោធភូមិភាគទី៧ ដោយមានការសហការជួយឧបត្ថម្ភរបស់ភាគីកម្ពុជា គឺបានស្រាវជ្រាវ រុករក និងប្រមូលបានអដ្ឋិធាតុកងទ័ពវៀតណាមចំនួន ៥៩៥អដ្ឋិធាតុ។
សម្រាប់ក្នុងជំហានទី១ ឆ្នាំ២០២៦នេះ លោកឱ្យដឹងថា យោធភូមិភាគទី៧ ក៏បានសម្រេចលទ្ធផលរុករកឃើញ២១០អដ្ឋិធាតុថែមទៀត ជាអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ជំនាញការវៀតណាម ដែលពលីជីវិតនៅកម្ពុជានៅសម័យសង្គ្រាមហើយត្រូវបានរៀបចំធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ។
ក្នុងន័យនេះ លោកឧត្តមសេនីយ៍ទោ ចិន វិញង៉ុក ក៏ស្នើសុំការបន្តការគាំទ្រចំពោះសកម្មភាពមនុស្សធម៌នេះសម្រាប់ពេលខាងមុខបន្ថែមទៀត។
ឧត្តមសេនីយ៍យោធាវៀតណាមរូបនេះ ក៏បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អក្នុងពេលបច្ចុប្បន្ន ដែលបញ្ជាការដ្ឋានយោធភូមិភាគទី៧របស់វៀតណាម កំពុងបន្តថែរក្សា និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ដោយមានការចងសម្ព័ន្ធមេត្រីភាពជាមួយកងយោធពលខេមរភូមិន្ទចំនួន៨៧អង្គភាព។ ខណៈឆ្នាំកន្លងទៅ យោធភូមិភាគទី៧ ក៏បានទទួលស្វាគមន៍ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូបទពិសោធគ្នាផងដែរ។
លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរបស់កងទ័ពទាំងពីរ កម្ពុជា-វៀតណាម តាមរយ:ការសម្របសម្រួលដ៏ល្អលើកិច្ចការជាច្រើនពីការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា។ ក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍ ក៏បានឆ្លៀតអរគុណដល់រដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិវៀតណាម ដែលបានចូលរួមគាំទ្រចំពោះយន្តការអ្នកសង្កេតការណ៍អាស៊ាន AOT នៅកម្ពុជាផងដែរក្នុងការតាមដានស្ថានភាពនៃបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ៕
