លោក ដូណាល់ ត្រាំ ថាលោកប្រធានាធិបតីចិន ស៊ី ជីនពីង កំពុងសប្បាយចិត្តដែលច្រកសមុទ្រ Hormuz ត្រូវបានបើកឡើងវិញ
(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាប្រធានាធិបតីចិន លោក ស៊ី ជីនពីង កំពុងសប្បាយចិត្តយ៉ាងខ្លាំងដែលច្រកសមុទ្រ Hormuz ត្រូវបានបើកឡើងវិញ ហើយថា លោកកំពុងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំង២ក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី ស៊ី កំពុងសប្បាយចិត្តយ៉ាងខ្លាំងដែលច្រកសមុទ្រ Hormuz បើកឡើងវិញ ឬក៏បើកឡើងវិញយ៉ាងឆាប់រហ័ស។ កិច្ចប្រជុំរបស់យើងក្នុងប្រទេសចិននឹងក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ឬអាចជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តក៏ថាបាន។ ខ្ញុំកំពុងទន្ទឹងរង់ចាំជួបលោកប្រធានាធិបតីស៊ី។ នឹងមានសមិទ្ធផលជាច្រើនអាចត្រូវបានសម្រេចឡើង»។
គួរបញ្ជាក់ថា អ៉ីរ៉ង់កាលពីថ្ងៃសុក្រ បានប្រកាសថាច្រកសមុទ្រ Hormuz ត្រូវបានបើកឱ្យដំណើរការឡើងវិញហើយ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅប្រទេសលីបង់។ លោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅខែឧសភាខាងមុខ ដើម្បីជួបលោក ស៊ី ជីនពីង៕