ប្រជាពលរដ្ឋជិត ១២ម៉ឺននាក់ជិះរថយន្តក្រុងដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត និងវិលត្រឡប់មកភ្នំពេញវិញ
ក្នុងរយៈពេល៦ថ្ងៃ ប្រជាពលរដ្ឋ និងកម្មករកម្មការនីជិត១២ម៉ឺននាក់ បានទទួលសេវារថយន្តក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថាក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋជិត១២ម៉ឺននាក់ បានទទួលសេវា ដឹកជញ្ជួនរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ។
ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ ក្រោយពីមានការណែនាំ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋ បាលរាជធានីភ្នំពេញ បានប្រកាសបញ្ចេញរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ពោលគឺដឹកជញ្ជូន ទៅលេងស្រុកកំណើត និងវិលត្រឡប់មករាជធានីភ្នំពេញ ដោយភាពសប្បាយរីករាយ ជាមួយការធ្វើដំណើរ ប្រកបដោយផាសុខភាព និងសុវត្ថិភាព។
ក្នុងនោះ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋចំនួន ១១៩.៤៩០នាក់ បានទទួលសេវា ដឹកជញ្ជួន ដោយឥតគិតថ្លៃ របស់ រដ្ឋាករ ស្វយ័តដឹកជញ្ជួន សាធារណៈរថយន្តក្រុង របស់រដ្ឋបាល រាជធានីភ្នំពេញ។ បើធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ មានចំនួន ៨៥.៨៤៩នាក់ គឺមានការកើនឡើនចំនួន ៣៣.៦៤១នាក់ ស្មើនឹង ៣៩% ។
បន្ថែមលើនេះ លោកស្រី អ្នកនាំពាក្យបានគូសបញ្ជាក់បន្ថែមថាស្របពេលដែលចំនួនពលរដ្ឋកើនឡើងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបន្ថែមចំនួនរថយន្តក្រុងលើសផែនការគ្រោងទុកចំនួនដល់ទៅ ៩៤៥គ្រឿង ខណៈតាមផែនការ របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រឹមតែ៦០០គ្រឿង ប៉ុណ្ណោះ។
ជាមួយគ្នានោះ ក្នុងនាមរដ្ឋបាលរាជធានី ក៏សូមការអធ្យាស្រ័យ និងអភ័យទោស ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលនៅថ្ងៃទី១២មេសា ជាថ្ងៃដំបូងនៃការចេញដំណើរ មានការយឺតយ៉ាវដោយសារចំនួន ប្រជាពលរដ្ឋមកទទួលសេវាមានច្រើន លើសការរំពឹងទុក ដូចនេះ មានប្រជាពលរដ្ឋមួយចំនួនត្រូវរង់ចាំ ដោយសារតម្រូវឱ្យមានការបន្ថែមរថយន្តក្រុងភ្លាមៗ ដើម្បីដោះស្រាយនូវបញ្ហាចំពោះមុខនេះ ។ លោកស្រីបានបន្តទៀតថា ទោះតិចឬច្រើន កត្តានេះ អាចបណ្តាមកពីវិបត្តិតម្លៃប្រេង ដែលអាចប៉ះពាល់ដល់ថ្លៃសំបុត្រ រថយន្តក្រុងឯកជន ឬរថយន្តឈ្នួល ដែលធ្វើឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ រថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃវិញ ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសប្បាយរីករាយ ដោយបានរួមចំណែក ចូលរួមសម្រាកបន្ទុក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលដែលសេដ្ឋកិច្ច កំពុងមានភាពមិនច្បាស់លាស់ ខណៈនេះជាកិច្ចការមួយ ដែលឯកឧត្តម ឃួង ស្រេង យកចិត្តទុកដាក់ និងតែងតែលើកទឹកចិត្ត ឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ ងាកមកប្រើប្រាស់រថយន្តក្រុងសាធារណៈ ដែលកំពុងបម្រើសេវារៀងរាល់ថ្ងៃ ។
គួរឱ្យដឹងដែរថា ក្នុងឱកាសអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃ នាព្រឹកព្រលឹមថ្ងៃទី១២ មេសា នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី បានជិះរថយន្តក្រុង ដោយមិនគិតថ្លៃ មានចំនួនច្រើនខ្លាំងជាងបណ្តាឆ្នាំមុនៗ ព្រោះពួកគាត់មានជំនឿជឿជាក់ លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងម្យ៉ាងទៀតដោយសារតម្លៃប្រេងឥន្ទនៈឡើងថ្លៃខ្ពស់ផងដែរ ៕
