កូរ៉េខាងជើង កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរខុសពីធម្មតា
(សេអ៊ូល)៖ កូរ៉េខាងជើង កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរខុសពីធម្មតា នៅក្នុងឆ្នាំ២០២៦នេះ ខណៈអាជ្ញាធរកំពុងដុតដៃដុតជើងការពារផលដំណាំរបស់កសិករ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ជារឿយៗ គ្រោះធម្មជាតិត្រូវបានរាយការណ៍ថាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរចំពោះកូរ៉េខាងជើង ដោយសារតែភាពទន់ខ្សោយនៃហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច។ លោកស្រី Elizabeth Salmon ជាអ្នករាយការណ៍ពិសេសអំពីសិទ្ធិមនុស្សនៅកូរ៉េខាងជើងរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីខែកុម្ភៈកន្លងទៅនេះថាការខ្វះខាតស្បៀងអាហារបានក្លាយជាក្ដីង្វល់មួយដ៏ធំរួចទៅហើយនៅក្នុងប្រទេសកូរ៉េខាងជើង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងនៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ដូច្នេះថា «គ្រោះរាំងស្ងួតនៅក្នុងឆ្នាំនេះ មានរយៈពេលយូរខុសពីធម្មតាបើធៀបទៅនឹងឆ្នាំមុន»។ តាម KCNA ក្រុមមន្ត្រីកូរ៉េខាងជើងកំពុងបង្កើនកិច្ចខិតខំប្រឹងដើម្បីការពារផលដំណាំរបស់ប្រជាកសិករ និងដាក់ចេញវិធានការដើម្បីកាត់បន្ថយការខូចខាតដែលបង្កឡើងដោយគ្រោះរាំងស្ងួត។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានកត់ត្រាសីតុណ្ហភាពឡើងក្ដៅបំផុតមួយនារដូវក្ដៅកាលពីឆ្នាំមុន ខណៈទាំងកូរ៉េខាងត្បូង និងកូរ៉េខាងជើងមើលឃើញការកើនឡើងកម្ដៅដូចគ្នា កាលពីខែមិថុនា ឆ្នាំមុន។ ក្រៅពីគ្រោះរាំងស្ងួត កូរ៉េខាងជើងក៏តែងតែរងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍ថាចំនួនអ្នកស្លាប់ និងបាត់ខ្លួនក្នុងគ្រោះទឹកជំនន់អាចមានដល់ ១៥០០នាក់។ តែកូរ៉េខាងជើងបានច្រានចោលសេចក្ដីរាយការណ៍បែបនេះ៕