សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកសកម្មភាពដែលយកស្លាកព័ត៌មានទៅបិទបាំងសកម្មភាពល្មើសច្បាប់ ឬបម្រើឱ្យរបៀបវារៈរបស់ក្រុមអមិត្តគឺជាទង្វើបំផ្លាញជាតិ ដែល «មិនអាចអត់ឱនឱ្យបានឡើយ»
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកសកម្មភាពដែលយកស្លាកព័ត៌មានទៅបិទបាំងសកម្មភាពល្មើសច្បាប់ ឬបម្រើឱ្យរបៀបវារៈរបស់ក្រុមអមិត្តគឺជាទង្វើបំផ្លាញជាតិ ដែល «មិនអាចអត់ឱនឱ្យបានឡើយ»។
ក្នុងលិខិតអបអរទិវាសេរីភាពសារព័ត៌មាន៣ ឧសភា ដែលបានចុះហត្ថលេខានៅថ្ងៃទី៣០ ខែមេសា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សេរីភាពសារព័ត៌មានមិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្ដែជាសមត្ថភាពយុទ្ធសាស្ត្រមួយក្នុងការចូលរួមលើកកម្ពស់សន្ដិសុខព័ត៌មាននិងត្រូវដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ សុចរិតភាពវិជ្ជាជីវៈ ការទទួលខុសត្រូវសង្គម ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខជាតិ។ ជាមួយគ្នានោះសម្ដេចបានណែនាំដល់ក្រសួងព័ត៌មានឱ្យបន្តតាមដាន វាយតម្លៃឆ្លើយតបឱ្យបានទាន់ពេល ចំពោះព័ត៌មានបំភ្លៃការពិត និងព័ត៌មានក្លែងក្លាយ និងណែនាំដល់អ្នកសារព័ត៌មានផងដែរកុំឱ្យមានការយកស្លាកព័ត៌មានទៅបិទបាំងអំពើល្មើសច្បាប់ ឬបម្រើឱ្យរបៀបវារៈរបស់ក្រុមអមិត្ត ដែលមានបំណងបង្កអន្តរាយជាតិ។
ក្នុងលិខិតនោះសម្ដេចថា៖ «នេះជាការក្បត់មនសិកាវិជ្ជាជីវៈ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីបំផ្លាញជាតិ ដែលជាទង្វើមិនអាចអត់ឱនបានឡើយ»។
សម្ដេចបានបញ្ជាក់ថា កម្ពុជាត្រូវបន្តកសាងនូវប្រព័ន្ធព័ត៌មានជាតិមួយប្រកបដោយវិជ្ជាជីវៈ មានក្រមសីលធម៌ គុណភាព ត្រឹមត្រូវ ជឿទុកចិត្ត និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល។
គួរឱ្យដឹងផងដែរទិវាសារព័ត៌មានពិភពលោកលើកទី៣៣ ឆ្នាំ២០២៦នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្ដិភាព»៕