ចិនតៃវ៉ាន់ម្នាក់ ធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ ករណីពាក់មុខខ្មោច និងសម្តែងធ្វើរត់គេចខ្លួនបង្កអសន្តិសុខនៅខេត្តព្រះសីហនុ បានប្រឌិតព័ត៌មានអមនុស្សធម៌ម្ដងទៀត, ពន្ធនាគារខេត្តព្រះសីហនុ ចេញមកទាត់ចោលទាំងស្រុង ការប្រឌិតនេះ

(ភ្នំពេញ)៖ បុគ្គលជនជាតិចិនតៃវ៉ាន់ម្នាក់ ដែលត្រូវគេស្គាល់ថាជាអ្នកថតសម្ដែងវីដេអូតាមបណ្ដាញសង្គមឈ្មោះ Goodnight Chicken (ឈ្មោះពិត Chen Nengchuan) ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅប្រទេសកម្ពុជា និងឃុំខ្លួនរយៈពេល២ឆ្នាំនៅពន្ធនាគារខេត្តព្រះសីហនុ រួចត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា បានប្រឌិតព័ត៌មានជាថ្មីម្ដងទៀតថា ពន្ធនាគារខេត្តព្រះសីហនុ បានប្រព្រឹត្តអំពើអមនុស្សធម៌មកលើខ្លួន និងអ្នកជាប់ឃុំផ្សេងទៀត។

តើជនជាតិតៃវ៉ាន់រូបនេះ មានប្រវត្តិយ៉ាងណា? បងប្អូនពិតជានៅចាំកាលពី២ឆ្នាំមុន! បុគ្គលរូបនេះ និងមិត្តភក្តិម្នាក់ទៀត បានសម្ដែងផ្សព្វផ្សាយជាវីដេអូនៅលើបណ្ដាញសង្គម ដែលមានសកម្មភាពពាក់មុខខ្មោចធ្វើជាមានខ្មោចលង មានសកម្មភាពចាប់ខ្លួនវាយដំ រួចសម្តែងធ្វើជាមានសកម្មភាពរត់គេចខ្លួន ដោយភាពភ័យខ្លាច និងស្រែកប្រាប់ឲ្យគេជួយបង្កចលាចលអសន្តិសុខក្នុងខេត្តព្រះសីហនុ។

កម្លាំងសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា បុគ្គលទាំង២នាក់នេះ ចូលចិត្តផលិតវីដេអូសម្តែងក្លែងក្លាយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងតិកតុក (TikTok) ដែលមានអ្នកគាំទ្រចូលទស្សនា(View) ឬចុចឡាច(Like) រហូតដល់លាននាក់។

ការសម្តែងរបស់ពួកគេ បានធ្វើឲ្យមុខមាត់ និងកិត្តិយសរបស់ប្រទេសកម្ពុជា ប៉ះពាល់យ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដោយជនបរទេស ជាពិសេសជនជាតចិន បានយល់ច្រឡំថា នៅស្រុកខ្មែររប​ស់យើងមានសកម្មភាពឃោឃៅ និងអសន្តិសុខបែបនេះ ដែលមិនចង់មកលេង ឬមករកស៊ីនោះឡើយ។

ក្រោយមានការបង្ហោះព័ត៌មានប្រឌិតបែបនេះ កម្លាំងសមត្ថកិច្ចកម្ពុជា បានបើកការស្រាវជ្រាវជាបន្ទាន់ និងឈានដល់ការចាប់ខ្លួនពួកគេទាំង២នាក់ ហើយត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន២ឆ្នាំ (ពីរឆ្នាំគត់) ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ក្រោយអនុវត្តទោសចប់ និងត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា បុគ្គលឈ្មោះ Goodnight Chicken (ឈ្មោះពិត Chen Nengchuan) បានប្រឌិតព័ត៌មានជាថ្មីម្ដងទៀតថា ពន្ធនាគារខេត្តព្រះសីហនុ បានប្រព្រឹត្តអំពើអមនុស្សធម៌មកលើខ្លួន និងអ្នកជាប់ឃុំផ្សេងទៀត។

ពន្ធនាគារខេត្តព្រះសីហនុ បន្ទាប់ពីឃើញការផ្សាយព័ត៌មានប្រឌិតរបស់បុគ្គលឈ្មោះ Goodnight Chicken នៅលើបណ្ដាញសង្គម នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានចេញមកច្រានចោលទាំងស្រុង ចំពោះការប្រឌិតព័ត៌មានទាំងអស់នោះ និងចាត់ទុកថា បុគ្គលនេះតែងប្រឌិតព័ត៌មាននៅលើបណ្ដាញសង្គម ដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនា ព្រោះតែផលប្រយោជន៍របស់ខ្លួន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ ពន្ធនាគារខេត្តព្រះសីហនុ បានបញ្ជាក់ដូចខាងក្រោមនេះ៖

* បន្ទាប់ពីបានទទួលព័ត៌មានបង្ហោះបទសម្ភាសន៍ខាងលើ អង្គភាពបានរៀបចំក្រុមការងារ ដើម្បីធ្វើការសួរនាំទាំងមន្ត្រីគ្រប់គ្រងអគារផ្ទាល់ និងជនជាប់ឃុំធ្លាប់រួមបន្ទប់ជាមួយគ្នា មានទាំងជនជាតិចិន និងជនបរទេសជាច្រើនជាតិសាសន៍ទៀត ពួកគាត់បានរួមគ្នាលើកឡើងថា ពុំមានករណីដូចលោក Goodnight Chicken (ឈ្មោះពិត Chen Nengchuan) បានលើកឡើងនោះទេ ដើម្បីបញ្ជាក់ពីចម្លើយ ការពិត ពួកគាត់ស្ម័គ្រចិត្តផ្តិតមេដៃបញ្ជាក់ពីភាពស្អាតស្អំរបស់ពួកគាត់ផងដែរ

* អង្គភាពពន្ធនាគារខេត្តព្រះសីហនុតែងតែយកចិត្តទុកដាក់លើការគ្រប់គ្រងជនជាប់ឃុំ ប្រកបដោយសន្តិសុខសុវត្ថិភាព សុខុមាលភាព និងមនុស្សធម៌ មិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ អង្គភាពគឺប្រកាន់ខ្ជាប់លើគោលការណ៍មនុស្សធម៌ជាចម្បង។ ចំណែកជនជាប់ឃុំមានវ័យចាស់ជរា ជនជាប់ឃុំមានជំងឺប្រចាំកាយ ជនជាប់ឃុំជាស្ត្រីមានគភ៌ កូនតូចតាមម្តាយ អង្គភាពតែងតែ ត្រួតពិនិត្យតាមដានពីសុខភាពរបស់ពួកគាត់ជាប្រចាំ ដោយបានរៀបចំកាលវិភាគផ្តល់ថ្នាំទៀងទាត់ និងដឹកបញ្ជូនគាត់ទៅទទួលសេវាបន្ថែមនៅមណ្ឌលសុខភាពត្រឹមត្រូវតាមពេលវេលាកំណត់របស់គ្រូពេទ្យ ដូចនេះពុំមានហេតុផលណាមួយ ដែលអង្គភាពបណ្ដោយឲ្យមានទង្វើគ្មានមនុស្សធម៌ ដូចការចោទប្រកាន់ខាងលើកើតមានឡើងក្នុងអង្គភាពនោះទេ។

* លោក Chen Nengchuan ធ្លាប់បានសាលាដំបូងខេត្តព្រះសីហនុផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ចំនួន២ឆ្នាំ (ពីរឆ្នាំគត់) ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ឃុំខ្លួននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងត្រូវបានដោះលែងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ រួចប្រគល់ជូនមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អនុវត្តនីតិវិធីបន្ត គឺត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង