នាយករដ្ឋមន្ត្រីថៃ៖ «ខ្ញុំនិងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងខិតខំរួមគ្នា ដើម្បីធ្វើការឆ្ពោះទៅរកសន្តិភាពតាមរយៈការសន្ទនា, ថៃ-កម្ពុជា គឺជាប្រទេសជិតខាងពីរ វាជាការល្អបំផុតដែលយើងជៀសវាងជម្លោះ»
(សេប៊ូ)៖ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា លោកនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងខិតខំរួមគ្នាដើម្បីធ្វើការឆ្ពោះទៅរកសន្តិភាពតាមរយៈការសន្ទនា ហើយថា ប្រទេសថៃ និងកម្ពុជា គឺជាប្រទេសជិតខាងពីរ វាជាការល្អបំផុតដែលប្រទេសទាំងពីរជៀសវាងជម្លោះ។
លោកលើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីមានជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តួចផ្តើមដោយលោកប្រធានាធិបតីហ្វីលីពីន Marcos នៅប្រទេសហ្វីលីពីន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន។
លោក Anutin Charnvirakul បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំទើបតែបានពិភាក្សាដោយស្មោះត្រង់ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ យើងទាំងពីរបានបញ្ជាក់ជាថ្មីថា យើងនឹងខិតខំរួមគ្នាដើម្បីធ្វើការឆ្ពោះទៅរកសន្តិភាពតាមរយៈការសន្ទនា។ ប្រទេសថៃ និងកម្ពុជា គឺជាប្រទេសជិតខាងពីរ។ វាជាការល្អបំផុតដែលយើងជៀសវាងជម្លោះ។ វានាំមកនូវការខាតបង់ និងទុក្ខវេទនា»។
លោកបានបន្តថា «ឥឡូវនេះជាពេលវេលាសម្រាប់យើង ដើម្បីដើរលើមាគ៌ានេះជាមួយគ្នាឆ្ពោះទៅរកសន្តិភាព ដែលតម្រូវឱ្យមានភាពស្មោះត្រង់ សុចរិតភាព និងការតាំងចិត្ត។ ក្នុងស្មារតីនេះ ខ្ញុម និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានយល់ព្រមចាត់តាំងរដ្ឋមន្ត្រីការបរទេសរបស់យើងឱ្យធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធលើវិធានការកសាងទំនុកចិត្តជាក់ស្តែង ដោយចាប់ផ្តើមពីបញ្ហាដែលយើងមានមូលដ្ឋានរួម និងអាចអនុវត្តបានភ្លាមៗ។ វិធានការទាំងនេះនឹងជាគន្លឹះក្នុងការស្តារទំនុកចិត្តឡើងវិញ និងកសាងទំនាក់ទំនងទ្វេភាគីរបស់យើងឡើងវិញបន្តិចម្តងៗ»។
បើតាមលោក Anutin Charnvirakul ប្រទេសថៃ និងកម្ពុជាត្រូវតែឆ្ពោះទៅមុខជាមួយគ្នា មួយជំហានម្តងៗ ក្នុងទិសដៅតែមួយ។ នៅពេលដែលយើងឈានទៅមុខ យើងគួរតែទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នាទៅវិញទៅមកនៅគ្រប់កម្រិតទាំងអស់ ហើយព្យាយាមស្វែងរកមធ្យោបាយដើម្បីបំពេញចន្លោះប្រហោង និងពង្រីកកិច្ចសហប្រតិបត្តិការ។
ចំពោះបញ្ហាព្រំដែនគោក និងដែនសមុទ្រ លោកបានស្នើឡើងក្នុងអំឡុងពេលពិភាក្សាអំពីមធ្យោបាយស្ថាបនាមួយដើម្បីដោះស្រាយ បញ្ហានេះក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ។ ថ្ងៃនេះ កម្ពុជានិងថៃ បានឈានមួយជំហានដ៏សំខាន់មួយ។
លោក Anutin Charnvirakul មានទំនុកចិត្តថា តាមរយៈការតាំងចិត្ត ការប្តេជ្ញាចិត្ត និងភាពស្មោះត្រង់ពីភាគីទាំងពីរ កម្ពុជានិងថៃ អាចជំរុញការស្វែងរកសន្តិភាពសម្រាប់ប្រទេសទាំងពីរ និងសម្រាប់តំបន់ទាំងមូល៕
