រុស្ស៉ី និងអ៊ុយក្រែន ព្រមព្រៀងឈប់បាញ់រយៈពេល៣ថ្ងៃ ក្រោមការសម្របសម្រួលរបស់លោក ដូណាល់ ត្រាំ

(វ៉ាស៉ីនតោន)៖ នាថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ុយក្រែន និងរុស្ស៉ីបានយល់ព្រមអនុវត្ត​បទឈប់បាញ់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃសៅរ៍នេះទៅ ហើយនឹងដោះដូរអ្នកទោសគ្នាចំនួន១០០០នាក់ ទល់នឹង១០០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមថា បទឈប់បាញ់សម្រាប់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃចន្ទ សង្ឃឹមថានឹងអាចក្លាយជាចំណុចចាប់ផ្តើមនៃទីបញ្ចប់ សម្រាប់សង្រ្គាមបង្ហូរឈាមដ៏អូសបន្លាយមួយ។ ក្រោយសេចក្តីប្រកាសរបស់លោកប្រធានាធិបតីអាមេរិក ទីក្រុងកៀវនិងទីក្រុងមូស្គូ បានចេញមុខទទួលស្គាល់ថា ភាគីទាំងពីរពិតជាបានយល់ស្របចំពោះបទឈប់បាញ់៣ថ្ងៃ និងការដោះដូរអ្នកទោស។

គួរបញ្ជាក់ថា កន្លងមក រុស្ស៉ីបានប្រកាសបទឈប់បាញ់ឯកតោភាគីរយៈពេល២ថ្ងៃ ដើម្បីយកពេលប្រារព្ធខួបទិវាជ័យជម្នះសង្រ្គាមលោកលើកទី២ នៅថ្ងៃសៅរ៍នេះ ហើយអ៊ុយក្រែនវិញ ក៏បានប្រកាសបទឈប់បាញ់ក្នុងលក្ខណៈឯតោភាគីដូចគ្នាដែរ សម្រាប់កាលពីថ្ងៃទី៦ ខែឧសភា ប៉ុន្តែបទឈប់បាញ់ឯកតោភាគីទាំងនោះ សុទ្ធតែមិនត្រូវបានអើពើដោយភាគីម្ខាងទៀត៕

អត្ថបទដែលជាប់ទាក់ទង