រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅខេត្តក្រចេះ

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលមហោស្រពខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការចំណុះឱ្យរដ្ឋបាលខេត្ត សមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ អនុសាខាក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសប្បុរសជន ព្រមទាំងយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ប្រមាណ៤៨០នាក់។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ប្រធានបទនេះ មិនមែនជាពាក្យស្លោកសម្រាប់ពិធីមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែជាសារដ៏ខ្លាំងមួយដែលរំលឹកយើងទាំងអស់គ្នាថា «មនុស្សធម៌ គឺជាកាតព្វកិច្ចរួមរបស់សង្គម»។ មនុស្សធម៌ គឺជាសេចក្តីស្រឡាញ់ដែលប្រែក្លាយទៅជាសកម្មភាព។ មនុស្សធម៌ គឺជាការមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់នៅឯកោ នៅពេលពួកគេជួបទុក្ខលំបាក គ្រោះមហន្តរាយ ឬវិបត្តិនានា។ ចំពោះការមកជួបជុំគ្នា មិនត្រឹមតែដើម្បីរម្លឹកខួបនៃចលនាកាកបាទក្រហមប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបន្តប្តេជ្ញាចិត្តរួមគ្នាថា យើងនឹងធ្វើឱ្យស្មារតីមនុស្សធម៌កាន់តែរឹងមាំ កាន់តែទូលំទូលាយ កាន់តែមានប្រសិទ្ធភាព និងកាន់តែទៅដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយពិតប្រាកដ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា នៅក្នុងបរិបទដែលពិភពលោក និងសង្គមយើងកំពុងប្រឈមនឹងគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ បញ្ហាសុខភាពសាធារណៈ ការប្រែប្រួលសេដ្ឋកិច្ច និងភាពងាយរងគ្រោះរបស់គ្រួសារក្រីក្រ សារ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» កាន់តែមានតម្លៃ និងកាន់តែទាមទារឱ្យយើងប្រែក្លាយពីពាក្យសម្ដីទៅជាសកម្មភាពជាក់ស្តែង។ ក្នុងរយៈពេលកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានចុះជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះជាបន្តបន្ទាប់ ទាំងគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ អគ្គិភ័យ ខ្យល់កន្ត្រាក់ គ្រួសារក្រីក្រ ជនចាស់ជរា ជនពិការ កុមារកំព្រា អ្នកជំងឺខ្វះលទ្ធភាព និងគ្រួសារដែលជួបការលំបាកនៅមូលដ្ឋាន។ សកម្មភាពទាំងនេះបានបង្ហាញថា ស្មារតីមនុស្សធម៌នៅខេត្តក្រចេះមិនមែនជាពាក្យសម្ដីទេ ប៉ុន្តែជាសកម្មភាពជាក់ស្តែងនៅជិតប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកោតសរសើរចំពោះការខិតខំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ អនុសាខាក្រុង-ស្រុក ក្រុមការងារមូលដ្ឋាន យុវជន និងអ្នកស្ម័គ្រចិត្ត ដែលបានចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ ស្តាប់ទុក្ខលំបាករបស់ពួកគាត់ និងសម្របសម្រួលការផ្តល់ជំនួយទៅតាមស្ថានភាពជាក់ស្តែង។ ការងារនេះគឺជាការងារដែលមើលទៅសាមញ្ញ ប៉ុន្តែមានតម្លៃធំធេងណាស់សម្រាប់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។ ការងារមនុស្សធម៌នៅខេត្តក្រចេះ មិនត្រូវធ្វើដោយការរង់ចាំឱ្យមានគ្រោះហើយទើបឆ្លើយតបនោះទេ។

«យើងត្រូវមានការត្រៀមខ្លួនជាមុន។ យើងត្រូវស្គាល់គ្រួសារងាយរងគ្រោះនៅមូលដ្ឋានឱ្យបានច្បាស់។ យើងត្រូវពង្រឹងបណ្តាញអ្នកស្ម័គ្រចិត្តនៅភូមិ ឃុំ សង្កាត់។ យើងត្រូវធ្វើឱ្យការឆ្លើយតបមានល្បឿនលឿន មានភាពត្រឹមត្រូវ និងចំគោលដៅ។​ ជាពិសេស យើងត្រូវមានការគិតគូរខ្ពស់បំផុតចំពោះគ្រួសារក្រីក្រខ្លាំង និងអ្នកក្រខ្សត់។ យើងមិនត្រូវអនុញ្ញាតឱ្យមានប្រជាពលរដ្ឋណាម្នាក់ធ្លាក់ដល់ស្ថានភាពអត់ឃ្លានធ្ងន់ធ្ងរ ឬបាត់បង់ជីវិតដោយសារខ្វះអាហារ ខណៈដែលអាជ្ញាធរ និងសង្គមមិនបានដឹង ឬមិនបានជួយទាន់ពេលវេលានោះឡើយ។ នេះគឺជាការទទួលខុសត្រូវផ្នែកមនុស្សធម៌ ជាការទទួលខុសត្រូវផ្នែកសីលធម៌ និងជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាចំពោះប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តក្រចេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមសំណូមពរយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរឃុំ សង្កាត់ ភូមិ មេភូមិ មេក្រុម ក្រុមការងារមូលដ្ឋាន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម សូមបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការស្វែងរក កំណត់អត្តសញ្ញាណ និងតាមដានស្ថានភាពរបស់គ្រួសារក្រីក្រខ្លាំង គ្រួសារខ្វះខាតស្បៀងអាហារ ជនចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយ អ្នកជំងឺរ៉ាំរ៉ៃ និងប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការលំបាកធ្ងន់ធ្ងរ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា​ ក៏បានពញ្ញាក់ស្មារតីដល់អាជ្ញាធរថា យើងត្រូវធ្វើឱ្យប្រាកដថា នៅក្នុងភូមិ ឃុំ សង្កាត់របស់យើង គ្មានគ្រួសារណាមួយត្រូវបានបំភ្លេចចោល។ គ្មានអ្នកក្រីក្រ ឬអ្នកខ្សត់ខ្សោយណាម្នាក់ ត្រូវរស់នៅក្នុងភាពអត់ឃ្លានដោយគ្មានអ្នកដឹង។ គ្មានជនចាស់ជរាណាម្នាក់ ត្រូវនៅឯកោដោយគ្មានការសួរសុខទុក្ខ។ គ្មានកុមារណាម្នាក់ ត្រូវខ្វះអាហារ ឬខ្វះការថែទាំដោយសារសង្គមមិនបានឃើញទុក្ខលំបាករបស់គេ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការងារនេះទាមទារឱ្យមានប្រព័ន្ធតាមដាននៅមូលដ្ឋានឱ្យបានច្បាស់លាស់។ អាជ្ញាធរមូលដ្ឋានត្រូវស្គាល់គ្រួសារក្រីក្រពិតប្រាកដ។ ត្រូវដឹងថា គ្រួសារណាខ្វះស្បៀង គ្រួសារណាមានអ្នកជំងឺធ្ងន់ គ្រួសារណាមានជនចាស់ជរាគ្មានអ្នកថែទាំ គ្រួសារណាមានកុមារងាយរងគ្រោះ និងគ្រួសារណាត្រូវការជំនួយបន្ទាន់។ ការដឹងឱ្យបានទាន់ពេល គឺជាជំហានដំបូងនៃការជួយសង្គ្រោះប្រកបដោយប្រសិទ្ធភាព។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមសំណូមពរឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ អនុសាខាក្រុង-ស្រុក អាជ្ញាធរមូលដ្ឋាន និងអ្នកស្ម័គ្រចិត្ត បន្តរៀបចំ និងធ្វើបច្ចុប្បន្នភាពបញ្ជីគ្រួសារក្រីក្រខ្លាំង និងគ្រួសារងាយរងគ្រោះជាប្រចាំ ដើម្បីឱ្យការឧបត្ថម្ភគាំទ្រ អាចទៅដល់អ្នកត្រូវការពិតប្រាកដបានទាន់ពេលវេលា។ ជំនួយមនុស្សធម៌មិនត្រូវទៅដល់តាមការស្គាល់គ្នា ឬតាមភាពជិតស្និទ្ធនោះទេ ប៉ុន្តែត្រូវទៅដល់តាមតម្រូវការពិតប្រាកដ តាមភាពងាយរងគ្រោះ និងតាមការលំបាកជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានរម្លឹកដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើការផ្តល់ការឧបត្ថម្ភគាំទ្រដល់អ្នកក្រខ្សត់ឱ្យបានទៀងទាត់ និងចំគោលដៅ។ ការឧបត្ថម្ភនេះអាចមានទម្រង់ជាច្រើន ដូចជា ស្បៀងអាហារ សម្ភារៈប្រើប្រាស់ ថវិកាបន្ទាន់ ការភ្ជាប់ទៅសេវាសុខាភិបាល ការជួយសម្របសម្រួលបញ្ហាជីវភាព ការផ្តល់កម្លាំងចិត្ត និងការតាមដានជាបន្តបន្ទាប់។ ពេលខ្លះ អង្ករមួយបាវ ឬថវិកាបន្តិចបន្តួច អាចជួយគ្រួសារមួយឱ្យឆ្លងកាត់គ្រាលំបាកបាន។ ពេលខ្លះ ការចុះសួរសុខទុក្ខមួយលើក អាចជួយឱ្យអ្នកកំពុងអស់សង្ឃឹម មានកម្លាំងចិត្តឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង