រុស្ស៊ីបាញ់សាកល្បងមីស៊ីលអន្តរទ្វីបថ្មី អាចបាញ់ជាង ៣ម៉ឺនគីឡូម៉ែត្រ ខ្លាំងជាងគេលើលោក
រុស្ស៊ីបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបថ្មីមួយគ្រាប់ កាលពីថ្ងៃអង្គារ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មមីស៊ីលបាញ់នុយក្លេអ៊ែររបស់ទីក្រុងមូស្គូ។ ការបាញ់សាកល្បងនេះ ត្រូវបានស្វាគមន៍ដោយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប៉ុន្មានថ្ងៃ បន្ទាប់ពីខ្លួនអះអាងថា ការប្រយុទ្ធគ្នានៅប្រទេសអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ។ នេះបើយោងតាមសារព័ត៌មាន NBC ផ្សាយថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ។

លោក ពូទីន និយាយថា៖ « មីស៊ីល Sarmat ដែលអាចបំពាក់ក្បាលគ្រាប់អាវុធនុយក្លេអ៊ែរ នឹងដាក់ឲ្យបម្រើក្នុងសមរភូមិនៅចុងឆ្នាំនេះ។ វាត្រូវបានសាងសង់ឡើង ដើម្បីជំនួសមីស៊ីល Voyevoda ចាស់ ផលិតដោយសហភាពសូវៀត»។
លោក ពូទីន ប្រកាសថា៖ « នេះ [Sarmat] គឺជាមីស៊ីលដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក! ថាមពលរួមបញ្ចូលគ្នានៃក្បាលគ្រាប់នុយក្លេអ៊ែរ Sarmat មានគោលដៅជាក់លាក់ គឺខ្ពស់ជាងសមភាគីលោកខាងលិចជាងបួនដង»។
មេដឹកនាំរុស្ស៊ី បានប្រើប្រាស់វោហាស័ព្ទ ព្រមានពីការប្រើប្រព័ន្ធនុយក្លេអ៊ែរម្តងហើយម្តងទៀត បន្ទាប់ពីបញ្ជូនកងទ័ពចូលទៅប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីព្យាយាមរារាំងលោកខាងលិចពីការបង្កើនការគាំទ្រដល់អ៊ុយក្រែន។
គួរបញ្ជាក់ថា មីស៊ីល «Sarmat» ត្រូវបានគេសន្មតថា នឹងជំនួសមីស៊ីល «Voyevoda» ផលិតដោយសហភាពសូវៀតជាង ៤០គ្រាប់។
លោក ពូទីន លើកឡើងកាលពីថ្ងៃអង្គារថា មីស៊ីល Sarmat ជាផ្នែកមួយនៃអាវុធថ្មីៗជាច្រើនបង្ហាញនៅឆ្នាំ ២០១៨ ដោយអះអាងថា វានឹងធ្វើឱ្យប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកមិនអាចធ្វើអ្វីបាន។ វាមានថាមពលខ្លាំងដូចមីស៊ីល Voyevoda ប៉ុន្តែមានភាពជាក់លាក់ខ្ពស់ជាង។
លោក បន្ត ថា៖ « វាមានសមត្ថភាពហោះហើរក្រោមគន្លង ចម្ងាយជាង ៣ម៉ឺនគីឡូម៉ែត្រ និងមានសមត្ថភាពពង្រីកដើម្បីទម្លុះប្រព័ន្ធការពារមីស៊ីលណាមួយ»៕