Hegseth ជំរុញ​បង្កើន​ចំណាយយោធា​ដល់ ១,៥​ទ្រីលាន​ដុល្លារ ខណៈ​ប្រតិបត្តិការ​វាយ​អ៊ីរ៉ង់ កំពុង​រង​ការ​រិះគន់​ខ្លាំង

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានចូលខ្លួនមកឆ្លើយបំភ្លឺ ចំពោះមុខសភាជាថ្មី កាលពីថ្ងៃអង្គារ ទី​១២ ខែ​ឧសភា ដើម្បីការពារគម្រោងកញ្ចប់ថវិកាយោធាដ៏មហាសាលចំនួន ១,៥​ទ្រីលានដុល្លារ សម្រាប់ឆ្នាំ២០២៧។

លោក Pete Hegseth 

តាម​ការ​ចុះ​ផ្សាយ​របស់ AP នា​ថ្ងៃទី​១៣ ខែ​​ឧសភា នេះ ក្នុងឱកាសនោះ លោក Hegseth បានអះអាងថា បទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់ នៅតែបន្តមានប្រសិទ្ធភាព បើទោះបីជាមានការបាញ់បោះដាក់គ្នាខ្លះៗកាលពីពេលថ្មីៗនេះក៏ដោយ។ លោកបានពន្យល់ថា ពាក្យថា «ឈប់បាញ់» គឺមានន័យថាការបាញ់ប្រហារ ត្រូវបានកាត់បន្ថយ ដើម្បីទុកឱកាសឱ្យការចរចាអាចបន្តទៅមុខបាន។

យ៉ាង​ណាមិញ តួលេខចំណាយនៃសង្គ្រាមនេះ កំពុងក្លាយជាប្រធានបទក្ដៅគគុក បន្ទាប់ពីមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ បានទម្លាយថា ការចំណាយក្នុងប្រតិបត្តិការយោធាជាមួយអ៊ីរ៉ង់ បានហក់ឡើងដល់ជិត ២៩ពាន់លានដុល្លារហើយ ពោលគឺកើនឡើងដល់ទៅ ៤ពាន់លានដុល្លារ បើធៀបនឹងការប៉ាន់ស្មានកាលពីពីរសប្តាហ៍មុន។ ការកើនឡើងនេះ បណ្ដាលមកពីការចំណាយលើការជួសជុល និងការជំនួសគ្រឿងយុទ្ធោបករណ៍ ដែលខូចខាត ក៏ដូចជាការចំណាយលើប្រតិបត្តិការប្រចាំថ្ងៃផ្សេងៗទៀត។

ស្របពេលជាមួយគ្នានេះ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏កំពុងរងសម្ពាធយ៉ាងខ្លាំងពីបញ្ហាសេដ្ឋកិច្ច បន្ទាប់ពីអ៊ីរ៉ង់ បានបិទច្រកសមុទ្រ Hormuz ដែលជាដង្ហើមសេដ្ឋកិច្ចពិភពលោក។ ការបិទច្រកសមុទ្រនេះ បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ដល់ទៅ ៥,៤% ក្នុងរយៈពេលត្រឹមតែមួយខែ ដែលនាំឱ្យអត្រាអតិផរណានៅអាមេរិកកើនឡើងដល់ ៣,៨%។ ស្ថានភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនអាមេរិកយ៉ាងខ្លាំង និងបង្កឱ្យមានការតវ៉ាប្រឆាំងសង្គ្រាម សូម្បីតែនៅក្នុងសាលសវនាការរបស់សភា។

នៅក្នុងសភា ក៏មានការរិះគន់ខ្លាំងៗពីសំណាក់សមាជិកសភាទាំងសងខាងផងដែរ។ លោក Mitch McConnell មេដឹកនាំគណបក្សសាធារណរដ្ឋម្នាក់ បានសម្ដែងការមិនពេញចិត្ត ចំពោះរបៀបដែលរដ្ឋបាលលោក ត្រាំ មើលរំលងសារៈសំខាន់នៃសម្ព័ន្ធមិត្ត និងការចាត់ចែងថវិកា ដែលមិនមានតម្លាភាព។ ចំណែកសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យវិញ បានរិះគន់ថា លោក ត្រាំ ហាក់ដូចជាផ្ដោតអារម្មណ៍ខ្លាំងពេកទៅលើការសាងសង់សាលពិធីជប់លៀង និងក្លោងទ្វារជ័យជម្នះ ដែលមានតម្លៃរាប់ពាន់លានដុល្លារ ជាជាងការស្វែងរកជ័យជម្នះពិតប្រាកដក្នុងសង្គ្រាម។

មុនពេលចាកចេញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន លោក ត្រាំ បានទទួលស្គាល់ថា បញ្ហាជាមួយអ៊ីរ៉ង់ គឺជាប្រធានបទសំខាន់ ដែលលោកត្រូវពិភាក្សាជាមួយលោក ស៊ី ជីនពីង។ ទោះជាយ៉ាងណា មន្ទីរបញ្ចកោណ បានអះអាងថា ខ្លួននៅតែមានផែនការច្បាស់លាស់ ក្នុងការដោះស្រាយស្ថានការណ៍ មិនថាក្នុងករណី ដែលសង្គ្រាមត្រូវផ្ទុះឡើងខ្លាំងជាងមុន ឬក្នុងករណី ដែលត្រូវដកថយនោះទេ។ ពិភពលោកកំពុងតាមដានមើលថា តើដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ទីក្រុងប៉េកាំង អាចនឹងជួយដោះស្រាយវិបត្តិថាមពល និងសង្គ្រាម ដែលកំពុងស៊ីសាច់ហុតឈាមនេះបានកម្រិតណា៕

អត្ថបទដែលជាប់ទាក់ទង