កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល និងទេសចរណ៍ ដើម្បីពលរដ្ឋទាំងសងខាង និងជាស្ពានភ្ជាប់តំបន់អឺរ៉ុប និងអាស៊ាន

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក អែលឈិន អាមៀបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ (កម្ពុជា-អាស៊ែបៃហ្សង់) ដែលមានតាំងពីយូរមកហើយថាបានឈរលើការជឿជាក់គ្នា ការគោរពគ្នា និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេសទាំងសងខាង និងផលប្រយោជន៍រួម។ កម្ពុជា-អាស៊ែបៃហ្សង់ មានទស្សនៈ និងឆន្ទៈដូចគ្នា នៅក្នុងការលើកកម្ពស់សន្តិសុខ ផ្តោតលើផលប្រយោជន៍របស់ប្រជាជន។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាស សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាជាមួយ លោក អែលឈិន អាមៀបាយ៉ូវ និងសហការី នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ សម្តេចរដ្ឋសភាធិបតី មានសេចក្តីសោមនស្សរីករាយ សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់លោក អាមៀបាយ៉ូវ និងគណៈប្រតិភូ។ វត្តមានរបស់ តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តរឹតចំណងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានកសាងឡើងតាំងពីឆ្នាំ១៩៩៥ ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅបន្ថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សម្តេចធ្លាប់បានអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅអាស៊ែបៃហ្សង់ និងតែងតែបានជួបពិភាក្សាការងារជាមួយលោកស្រី សាហ៊ីបា ហ្គារ៉ុវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅក្នុងឱកាសចូលរួមវេទិកាអន្តរសភានានា។ សម្តេចបានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់អាស៊ែបៃហ្សង់៕

អត្ថបទដែលជាប់ទាក់ទង