កម្ពុជា មីយ៉ាន់ម៉ា បង្កើនកិច្ចសហប្រតិបត្តិការបង្ក្រាប online scam
កម្ពុជា និង មីយ៉ាន់ម៉ា បានឯកភាពបង្កើនការចែករំលែក បទពិសោធន៍ និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្លូវការ ដើម្បីលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ និងការបង្ក្រាបការឆបោកតាមអនឡាញ។
ជំហរនេះត្រូវបានបញ្ជាក់នៅក្នងដំណើរទស្សនកិច្ចរបស់លោក មីន អោងឡាំង មេដឹកនាំមីយ៉ាន់ម៉ា មកកម្ពុជា នៅថ្ងៃទី១១ និង ១២ កញ្ញា ដែលក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៤។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា៖ «ដោយទទួលស្គាល់ពីបញ្ហាប្រឈមក្នុងតំបន់ដ៏ស្មុគស្មាញដែលបង្កឡើងដោយបទល្មើសឆ្លងដែន រួមទាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមក្នុង ការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះ ការផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលា ការពង្រឹងការគាំទ្រទៅ វិញទៅមកសម្រាប់ការបង្ការ និងការអនុវត្តច្បាប់ និងការជួយសង្គ្រោះជនរងគ្រោះ»។
មេដឹកនាំ មីយ៉ាន់ម៉ា ក៏បានបញ្ជាក់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរថា មីយ៉ាន់ម៉ា នឹងចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ភាគីទាំងពីរបានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យអប់រំ វប្បធម៌ ព័ត៌មាន ការងារ សាសនា និងទេសចរណ៍។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពិនិត្យលទ្ធ ភាពនៃការបង្កើតជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ។
នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក, កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើ បង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ, វិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌, និង អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ ព័ត៌មាន និងផ្សព្វផ្សាយ៕

