ក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ​២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់

ក្រុមការងារពិសេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផាកពិន័យលើរថយន្ដដឹកទំនិញធន់ធំចំនួនពីរគ្រឿងគិតជាទឹកប្រាក់សរុប៣១លានរៀល ក្រោយមន្ត្រីជំនាញរកឃើញពីការដឹកលើសទម្ងន់កំណត់។

បើតាមក្រុមការងារពិសេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន រថយន្ដទាំងពីរគ្រឿងដែលដឹកលើសទម្ងន់កំណត់នេះ មួយគ្រឿងផ្ទុកលើសទម្ងន់ ២៤តោន និងមួយគ្រឿងទៀតលើសទង្ងន់ ៣៣តោន។ រថយន្ដដឹកទំនិញទាំងនេះ ត្រូវបានក្រុមការងារពិសេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ឃាត់បាននៅនាវេលាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៧ នៅចំណុចក្បែររង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ខេត្តក្រចេះ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការចូលរួមពីមន្រ្តីស្ថានីយកាំពី ខេត្តក្រចេះ និងក្រុមការងារត្រួតពិនិត្យពិសេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងប្រតិបត្តិការ ក្រុមការងារបានរកឃើញយានយន្តដឹកលើសទម្ងន់ចំនួន ២គ្រឿង ដែលបិទឡូហ្គោ TS ដឹកលេីសទម្ងន់កំណត់ចំនួន២៤តោន និង៣៣តោន គិតជាភាគរយស្មេីនឹង៦០% និង ៧៣% ក្រោយពីរកឃើញល្មើស រថយន្តទាំងពីរគ្រឿងត្រូវបានក្រុមការងារពិន័យជាសាច់ប្រាក់ជាង ៣១ លានរៀល ដោយមិនរក្សាទុករថយន្តនោះទេ៕

 

អត្ថបទដែលជាប់ទាក់ទង