កម្ពុជា ប្រគល់ជនជាតិថៃម្នាក់ ដែលលួចឆ្លងមកខ្មែរ ឱ្យភាគីថៃវិញ

ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិអះអាងថា នៅព្រឹកថ្ងៃទី១៥ ខែ ឧសភា​នេះ អាជ្ញាធរកម្ពុជា បានបញ្ជូនជនជាតិថៃម្នាក់ ដែលឆ្លងដែនខុសច្បាប់មកខ្មែរ ទៅឱ្យ​អាជ្ញាធរ ថៃវិញហើយ។

ការប្រគល់នេះ ធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមយន្ត ការសម្របសម្រួលរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។ បើតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានបង្ហាញយ៉ាងដូច្នេះ៖ «បន្ទាប់ពីការពិនិត្យ និង វាយតម្លៃស្របតាមវិធានការច្បាប់រួចមក លោកឧត្តមសេនីត្រី និត ណារ៉ុង ប្រធានលេខាធិការ RBC យោធភូមិភាគទី៤កម្ពុជា ត្រូវបានចាត់តាំងឱ្យនាំខ្លួនបុរសជនជាតិថៃខុសច្បាប់រូបនោះ ទៅប្រគល់ជូន ឧត្តមសេនីយ៍ត្រី កាំផាណាត វ៉ាផានស៊ុក នាយសេនាធិការ និងជាប្រធានលេខាធិការ RBC យោធភូមិ ភាគទី២ថៃ ដើម្បីមកទទួលដោយផ្ទាល់នៅថ្ងៃទី១៥ ខែឧសភា ស្របតាមគោលការណ៍មនុស្សធម៌»។

អំឡុងពេលនេះ ភាគីទាំងពីរបានជួបពិភាក្សា បង្កើនការជឿទុកចិត្តជាមួយគ្នា បន្តជំរុញកិច្ចសហការ ក្នុងការទប់ស្កាត់ ការបន្សាបរាល់ព័ត៌មានក្លែងក្លាយ និងមានចរិតញុះញង់ ព្រមទាំងធានាដល់ការគោ រព និងការអនុវត្តឱ្យបានម៉ឺងម៉ាត់។ លើសពីនេះ កម្ពុជា-ថៃ ក៏បានកសាងភាពស្មោះត្រង់បន្ថែមទៀត នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយ ដែលបានឯកភាពគ្នាកន្លងមក ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែន។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែមេសា ជនជាតិថៃម្នាក់ បានលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹក ដី ប្រទេសកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ ករណីនេះ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួន​តាម​ ផ្លូវច្បាប់​ និងត្រូវបានប្រគល់ជូនភាគីថៃ៕

អត្ថបទដែលជាប់ទាក់ទង